អាជ្ញាធរខេត្តប៉ៃលិនដាក់ភ្លើងបំភ្លឺផ្លូវពេលរាត្រីនៅតំបន់រដ្ឋបាលខេត្តដើម្បីបង្កើនសោភ័ណ្ឌភាពនិង បញ្ជាសគ្រោះថ្នាក់ចរាចរណ៍

144

វិទ្យុជាតិកម្ពុជា៖

បៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះបានដឹកនាំមន្ត្រីជំនាញព្រមទាំងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំង សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ តាមដងផ្លូវធ្វើថ្មី ដែលត្រៀមអ៊ុតកៅស៊ូបេទីមីន័រ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព នាពេលពេលរាត្រី។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្បែរបង្គោលភ្លើង សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។

សូមបញ្ជាក់ថា៖ បង្គោលភ្លើងបំភ្លឺផ្លូវ ដែលដាក់នៅតាមដងផ្លូវ នៅក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិននាពេលនេះ គឺប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តហើយក្រុមហ៊ុន រាជសី ជាអ្នកអនុវត្តគម្រោង។

ញ៉ឹប បូរី ប៉ៃលិន 28-04-2020

អត្ថបទដែលជាប់ទាក់ទង