អភិបាលខេត្តប៉ៃលិនពន្លឿនការស្ថាបនាផ្លូវក្រួសលាយល្បាយថ្មភ្នំស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

199

ប៉ៃលិន៖អភិបាលខេត្តប៉ៃលិនពន្លឿនការស្ថាបនាផ្លូវក្រួសលាយល្បាយថ្មភ្នំស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកផលិតផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ទី២៩ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ១ខ្សែរ ប្រវែងជាង ៦ គីឡូម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) ដើម្បីពន្លឿនការស្ថាបនា ឱ្យសម្រេចបានទៅការគ្រោងទុក។

ឯកឧត្តម ផាន់ ចាន់ធុលបានជំរុញឱ្យមន្ត្រីជំនាញត្រូវខិតខំសាងសង់ផ្លូវនេះឱ្យបានលឿនតាមការគ្រោងទុក។

ឯកឧត្តមលើកឡើងថា៖ ការជួសជុលផ្លូវ ១ខ្សែរនេះ គឺមានតួនាទីសំខាន់ណាស់ ដោយជួយសម្រួលបានមួយកម្រិត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។

ឯកឧត្តមសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

ឯកឧត្តមផាន់ ចាន់ធុល ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានាព្រមទាំងចូលរួមជួយថែរក្សាផ្លូវនេះឱ្យយូរអង្វែង។

លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ)នេះ  បានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ គឺមានប្រវែង ៦៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ មានសំណង់សិល្បការចំនួន ៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយចំនួនទៀត ដែលបានសម្រួលដល់ការធ្វើដំណើរដល់ប្រជាជនចំនួន៤ភូមិ គឺភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹងប្រជាជន ចំនួន ៦៩៧២នាក់៕

ញ៉ឹប បូរី ប៉ៃលិន 29-04-2020

អត្ថបទដែលជាប់ទាក់ទង