សមិទ្ធផលមណ្ឌលហែលទឹកខេត្តបាត់ដំបង នឹងលេចចេញជារូបរាងនាពេលខាងមុខ

163

លោកជៀង យ៉ារ៉េត៖

មណ្ឌលហែលទឹកខេត្តបាត់ដំបង ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានតម្លៃប្រមាណ២លានដុល្លារអាមេរិកនោះ នឹងលេចចេញជារូបរាងនាពេលខាងមុខ បន្ទាប់ពីបានសាងសង់រយៈពេល៨ខែ ដែលគិតត្រឹមពេលនេះសម្រេចបានលទ្ធផល៦០ភាគរយហើយ ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៩ ដែលគិតត្រឹមពេលនេះមានរយៈពេល៨ខែហើយ ដោយសម្រេចបានលទ្ធផល៦០ភាគរយហើយ។លទ្ធផលសម្រេចបាននោះ មានតួអាងទំាង៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។
ការសាងសង់មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះ អាចបញ្ចប់តាមផែនការកំណត់ ឬអាចនឹងមុនប្រសិនមិនមានការរាំងស្ទះដោយដំណើរការសាងសង់នោះទេ ។ ចំពោះគម្រោងដំណើរការសាងសង់មណ្ឌលហែលទឹកខេត្តបាត់ដំបងចំណាយពេល២៤ខែ (ស្មើ២ឆ្នាំ) ។នេះបើ តាមលោក ហែម គិរី បញ្ជាក់ប្រាប់ ។
លោកអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា ការសាងសង់គឺធ្វើឡើងតាមស្តង់ដារអន្តរជាតិ លើផ្ទៃដីសាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។លោកបានបន្តថា ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់ មានសកម្មភាពឡើងវិញ ឬកីឡាហែលទឹកក្នុងខេត្តមួយនេះរស់ឡើងវិញ ដូច្នេះយើងត្រូវការអាងហែលទឹកថ្មី ហើយអាងហែលទឹកមានទំហំដូចអាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។
អាងទាំងបី និង ប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ ម៉ែត្រ ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់ ។
បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រគុណ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡាករ២បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។
អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រគុណ៣៥ម៉ែត្រពីរជាន់ ចែកជាបន្ទប់ពិសេសគណៈអធិបតីទំហំ៧ម៉ែត្រគុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្របន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រគុណ៥ម៉ែត្រ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ បន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ កន្លែងសម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំងពីរភេទចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។
លោកអគ្គលេខាធិការបានប្រាប់ថា អាងទឹកនេះកសាងឡើងដោយយកគំរូប្លង់តាម«មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ថវិកាប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាព។ ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បានទៀតផង ។
ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំនិងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ។
សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក៕

អត្ថបទដែលជាប់ទាក់ទង