ថ្នាក់ដឹកនាំកំពូលៗថ្វាយព្រះពរថ្វាយព្រះមហាក្សត្រមានព្រះជន្មយ៉ឺនយូរនិងគង់ជាម្លប់សម្រាប់ប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គ

845

លោក ហុក សុខរិន
MC: ថ្នាក់ដឹកនាំកំពូលៗថ្វាយព្រះពរថ្វាយព្រះមហាក្សត្រសូមមានព្រះជន្មយ៉ឺនយូរនិងគង់ជាម្លប់សម្រាប់ប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គក្នុងឱកាសព្រះរាជ ពិធីបុណ្យចំរើនព្រះជន្មគម្រប់៦៧ព្រះវស្សាយាងចូល៦៨ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០នេះ។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រកបដោយក្តីភិរម្យមង្គលសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានសរសេរសារលិខិតថ្វាយព្រះពរថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំក្លៀវក្លា ព្រះបញ្ញាញាណវាងវៃ ព្រះទិឃាយុ យ៉ឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តគ្រប់រូបដែលជាកូនចៅ ចៅទួត របស់ព្រះ អង្គ។
សារលិខិតរបស់ប្រធានព្រឹទ្ធសភាបានសម្តែងនូវមោទភាពដ៏ខ្ពង់ខ្ពស់ចំពោះព្រះរាជកិច្ចដ៏ឧត្តុង ឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខ សន្តិភាព មានការរីកចំរើនលើគ្រប់វិស័យ ជីវភាពប្រជារាស្រ្តមានភាពល្អប្រសើរ កិត្យានុភាព ជាតិត្រូវបានលើកកម្ពស់ និងល្បីល្បាញនៅលើឆាកអន្តរជាតិ។
រីឯសារលិខិតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន ថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គតែងតែប្រោសព្រះរាជទានព្រះករុណាព្រះមហាទីគុណ និងព្រះព្រហ្មវិហារធម៌ដ៏ទូលំទូលាយ និងស្វែងរកសេចក្តីសុខក្សេមក្សាន្តភាពថ្កុំថ្កើនរ៉ុង រឿងរបស់សង្គមជាតិ។
ព្រះអង្គតែងយាងចុះសួរសុខទុក្ខប្រជារាស្រ្តនៅទូទាំងព្រះរាជាណា ចក្រកម្ពុជាប្រកបដោយព្រះរាជហឬទ័យសប្បុរសធម៌សណ្តោសប្រណី។
ចំណែកឯសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្វាយព្រះសព្ទសាធុការពរបវសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃនិងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិនិងប្រជាជនព្រមទាំងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជាជនរយៈកាលកន្លងមក ។

សារលិខិតរបស់សម្តេចតេជោហ៊ុនសែនបានបន្ថែមទៀតថា ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព្រះនាមគោរាគទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលបោះពំនូវព្រះសព្ទសាធុការ
ពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា និងសមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះករុណព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៦៧ព្រះវស្សាយាងចូល៦៨ព្រះវស្សា រាជរដ្ឋាភិបាលបានរៀបចំកែលម្អសោភណ័ភាពសួនច្បារនានានៅក្នុងក្រុងយ៉ាងស្រស់ស្អាត តុបតែងភ្លើងពណ៌និងការដាក់តាំងរូបព្រះឆាយ៉ាលក្ខណ៍និងព្រះរាជសកម្មភាពចុះជួយសង្គមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង។
ចំណែកនៅពីមុខក្រសួងមន្ទីរស្ថាបន័រដ្ឋក៏បានរៀបចំ ដើម្បីអបអរសាទព្រះរាជពិធីនេះឲ្យកាន់តែមានភាពអធិអធមដែរ។ រីឯនៅតាមមហាវិថីសំខាន់ៗមួយចំនួនបានដាក់ បដាពាក្យស្លោកថ្វាយ ព្រះពរ និងមានចងទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅអមសាងខាងផ្លូវផងដែរ។ ការរៀបចំនេះបានធ្វើឡើងតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យព្រះរាជពិធីបុណ្យនេះមានភាពអធិកអធម សក្តិសមទៅនឹងព្រះរាជកិត្តិនាម និងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ។
សូមជម្រាបថា ព្រះករុណាព្រះបាទសម្តេចបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ក្នុងក្រុង ភ្នំពេញ។ ព្រះអង្គ ជាព្រះរាជបុត្ររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះអគ្គមហេសីនរោត្តមមនីនាថសីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះរាជបិតា ក្រោយ ពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕

អត្ថបទដែលជាប់ទាក់ទង