ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកជនល្មើសដែលបាញ់សំលាប់សត្វទន្សោងក្នុងដែនអភិរក្សខេត្តមណ្ឌលគិរី

170

វិទ្យុជាតិកម្ពុជា
MC: ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែឧសភានេះ បានឲ្យដឹងថា មន្ត្រីមន្ទីរបរិស្ថានបាននិងកំពុងស្រាវជ្រាវលើករណីសត្វទន្សោងពីរក្បាល ដែលត្រូវបានគេបាញ់សំលាប់ ក្នុងដែនអភិរក្សខេត្តមណ្ឌលគិរី។
យោងតាមសេចក្តីរាយការណ៍ពីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឲ្យដឹងថា សត្វទន្សោងពីរក្បាលនេះ ត្រូវបានគេប្រទះឃើញងាប់ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីជំនាញកំពុងចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះ ហើម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់៕
អត្ថបទ៖ វ៉ាង ភក្តី

អត្ថបទដែលជាប់ទាក់ទង