មន្ត្រីជំនាញក្រសួងមហាផ្ទៃបានបញ្ជាក់ថារយៈពេល២១ថ្ងៃនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មានអ្នកស្លាប់៧៧នាក់ និងរបួស២០២នាក់

49

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២២.០៥.២០២០៖

មន្ត្រីជំនាញក្រសួងមហាផ្ទៃបានបញ្ជាក់ថារយៈពេល២១ថ្ងៃនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មានអ្នកស្លាប់៧០នាក់ និងរបួស២០២នាក់ មានការថយចុះបើប្រៀបធៀបនឹងពេលកន្លងទៅ ។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគបាលចរាចរណ៍ផ្លូវគោគនិងសណ្តាប់ធ្នាប់សារធារណៈនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការកត់សម្គាល់ គឺអ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការគោរពច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ស្របពេលដែលសមត្ថកិច្ចអនុវត្តច្បាប់បានបន្តអនុវត្តភារកិច្ចរបស់ខ្លួនកាន់តែសកម្មខ្លាំងក្លាថែមទៀត ។
លោកបានបន្តទៀតថា អ្នកបើកបរយានជំនះគ្រប់ប្រភេទ ត្រូវ ពាក់មួកសុវត្ថិភាព ត្រូវគោរពភ្លើងស្លាកសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវល្មើសក្នុងការបត់ ឬវ៉ាជែង មិនត្រូវដឹកលើសចំណុះ ត្រូវមានប័ណ្ណបើកបរ និងមិនត្រូវប្រើទូរស័ព្ទ ក្នុងពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ជាដើម។លោក បញ្ជាក់ថា រយៈពេល២១ថ្ងៃនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកកន្លងនេះ មានអ្នកស្លាប់៧៧នាក់ និងរបួស២០២នាក់ គឺមានការថយចុះបើប្រៀបធៀបនឹងខែមុខ នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋចូលរួមគោរពច្បាប់កាត់តែប្រើសើរ។
«ប្រៀបធៀបរយៈពេលខែមេសានេះឃើញថាសភាពការគ្រោះថ្នាក់មានភាពល្អប្រសើរ ច្រើនដោយសាររយៈពេល២១ថ្ងៃនេះ មានគ្រោះថ្នាក់មានចំនួន១៤៣លើកលើ១៨៣លើកមានការថយចុះរហូត៤០លើក ឬ៤០ករណី មានថយចុះជាង២២ភាគរយផងដែរ។ចឹងជារួមមកវិញសភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល២១ថ្ងៃនេះមានភាពល្អប្រសើរ ទាំងគ្រោះថ្នាក់ស្លាប់និងរបួសមានការថយចុះ ។សូមប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដោយចាប់ផ្តើមពីខ្លួនយើងផ្ទាល់និងគ្រួសាររបស់យើង ពីអង្គភាពមួយទៅស្ថាប័នមួយដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍រយៈពេល២១ថ្ងៃ ក្នុងខែឧសភា នេះ ក្នុងចំណោមគ្រោះថ្នាក់ចំនួន១៤០ករណីនេះក្នុងនោះមានអ្នកស្លាប់ចំនួន៧៧នាក់ បើប្រៀបធៀបនឹងខែមេសាមានអ្នកស្លាប់៩០នាក់ គឺថយចុះរហូត១៣នាក់ ។ ចំណែករបួសទាំងធ្ងន់ទាំងស្រាលចំនួន២០២នាក់ បើប្រៀបធៀបនឹងខែមេសាមានរហូតដល់ទៅ២៩៩នាក់ គឺមានការថយចុះចំនួន៩៧នាក់ ស្មើនឹងជាង៣២ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង