សារមន្ទីរនានានៅកម្ពុជានឹងបើកឲ្យភ្ញៀវចូលទស្សនាវិញនៅដើមខែក្រោយនេះ

43

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា សម្តេចតេជោអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅដើមខែក្រោយនេះ ចាប់ពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ នេះ ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិអាចចូលទស្សនាឡើងវិញបាន តែត្រូវអនុវត្តន៍អនាម័យដែលក្រសួង សុខាភិបាលដាក់ចេញ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា សាធារណជន សមាគមន៍មគ្គុទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ សារមន្ទីរជាតិអង្គរ (សៀមរាប) និងសារមន្ទីរឯកជនទាំងអស់ដោយ យោងតាមស្មារតីនៃកិច្ចប្រជុំគណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីការអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាក្នុងព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រកាសឲ្យបើកដំណើរការសារមន្ទីរទាំងអស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះតទៅ ។
ប្រភពដដែលបន្តថា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តសារមន្ទីរនានា ត្រូវប្រកាន់ខ្ជាប់នូវយន្តការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ទី១ ពិនិត្យឬវាស់កម្ដៅភ្ញៀវមុនចូលទស្សនា ទី២ ប្រើអាល់កុល ឬសាប៊ូលាងដៃមុនពេលចូល និងចេញពីសារមន្ទីរ ទី៣ រក្សាគម្លាតសុវត្ថិភាព យ៉ាងតិច ១ម៉ែត្រ ទី៤ ត្រូវពាក់ម៉ាស (បុគ្គលិក អ្នកនាំភ្ញៀវ និងភ្ញៀវ ទី៥មិនត្រូវអនុញ្ញាតឲ្យភ្ញៀវឬបុគ្គលណាមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរ និងទី៦ សារមន្ទីរ រាជធានី-ខេត្ត អាចទាក់ទងដើម្បីស្នើសុំព័ត៌មានបន្ថែមតាមរយៈនាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទូរស័ព្ទលេខ ០១២ ២៣៣ ៣០៤ / ០១២ ៧៧៣ ៨១១ ។
ដូច្នេះសាធារណជន សមាគមន៍មគ្គុទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ សារមន្ទីរជាតិអង្គរ (សៀមរាប) និងសារមន្ទីរឯកជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមការណែនាំដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង