យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានី-ខេត្តបានប្រព្រឹត្តទៅដោយរលូន

62

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានី-ខេត្តបានប្រព្រឹត្តទៅដោយរលូន បន្ទាប់ពីបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃ១៨ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ។
ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា គណៈកម្មាដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានីខេត្ដ គឺមានក្រុមការងារ៤ដាច់ដោយឡែកពីគ្នាបានប្រព្រឹត្តទៅរលូនដូចការគ្រោងទុក ក្នុងការចុះអនុវត្តយុទ្ធនាការនេះ ដោយផ្ទាល់ជាមួយនឹងតុលានៅទូទាំងប្រទេស ដើម្បីជួយដល់សាលាដំបូងឱ្យអនុវត្ដយុទ្ធនាការបានជោគជ័យ និងត្រឹមត្រូវ ដែលស្របតាមអភិក្រម វិជ្ជាជីវៈ។
ឯកឧត្ដមបានបញ្ជាក់ថា ការចុះអនុវត្តរបស់គណៈកម្មាដឹកនាំយុទ្ធនាការនេះ ដើម្បីជួយផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស សមាសភាព និងធនធាន ដើម្បីពន្លឿនការដោះស្រាយសំណុំរឿងកាន់តែមានភាពថយចុះ បន្ទាប់ពីសាលាដំបូងរាជធានីខេត្ដ គឺមានសុំណុំរឿង និងចំនួនអ្នកជាប់ឃុំមានការកើនឡើងជាបន្ដបន្ទាប់ ។
ឯកឧត្ដមបន្ដថា ការកើនឡើងនៃចំនួនសុំណុំរឿង និង អ្នកជាប់ឃុំនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់យុទ្ធការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានាជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិ និងបទល្មើសព្រៃឈើ ដើម្បីធានាភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្ដិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សាលាដំបូងរាជធានីខេត្ដ មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបជិត៤ម៉ឺនសំណុំរឿង ហើយសុំណុំរឿងគ្រឿងញៀនមានចំនួន៦២៦០សំណុំរឿង និងអ្នកជាប់ឃុំមានចំនួន១២,៦៥១នាក់ អ្នកជាប់ឃុំសំណុំរឿងគ្រឿងញៀន៦៩០០នាក់៕

អត្ថបទដែលជាប់ទាក់ទង