MRC ពន្យារគម្រោងទំនប់វារីអគ្គិសនីលួងប្រាបាងក្នុងប្រទេសឡាវ

96

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានពន្យារសំណើលើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង តាមដងទន្លេមេគង្គក្នុងប្រទេសឡាវ ដើម្បីទុកពេលវេលា សម្រាប់ការសិក្សាឲ្យបានម៉ត់ចត់ សំដៅធានាដល់លំហូរទឹក និងការចរាចរណ៍របស់ពពួកមច្ចាមកលើបណ្តាប្រទេសមេគង្គក្រោម។
លោកវេជ្ជបណ្ឌិត សំគៀត ប្រាចាំវង្ស(Somkiat Prajamwong) ប្រធានគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គមានប្រសាសន៍ថា «ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជា ថៃ និងវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសំរេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទបញ្ចប់នៃដំណើរការពិគ្រោះយោបល់ជាមុននៅហ្លួងព្រះបាងរហូតដល់ថ្ងៃទី៣០ ខែមិថុនា»។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះទន្លេមេគង្គ កាលពីថ្ងៃទី៤ ខែមិថុនា បានបញ្ជាក់ថាការផ្លាស់ប្តូរនេះគឺដើម្បីអនុញ្ញាតឲ្យមានការសន្និដ្ឋានប្រកបដោយអត្ថន័យបន្ថែមទៀតនៃការពិគ្រោះយោបល់ជាមុនដោយធានាថាមតិយោបល់ និងអនុសាសន៍ល្អៗ ត្រូវបានផ្តល់ជូនដល់ប្រទេសឡាវសម្រាប់ការពិចារណាត្រឹមត្រូវរបស់ខ្លួន ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមានឆ្លងដែន ដែលអាចកើតមានពីទំនប់។ សេចក្តីសន្និដ្ឋាននៃដំណើរការពិគ្រោះយោបល់ជាមុន នៃគម្រោងវារីអគ្គិសនីហ្លួងព្រះបាងដែលមានកម្លាំង១.៤៦០មេហ្គាវ៉ាត់ ដែលរដ្ឋាភិបាលឡាវ បានស្នើសាងសង់នៅលើដងទន្លេមេគង្គ នឹងត្រូវពិនិត្យទៅលើផលប៉ះពាល់ឆ្លងដែនអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេ។
អង្គការសង្គមស៊ីវិលចំនួន៥នៅកម្ពុជារួមមាន៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន អង្គការភូមិខ្ញុំ ក្រុមសម្ព័ន្ធសកម្មភាពជលផល (FACT) និងបណ្តាញការពារទន្លេ៣ បានគាំទ្រដល់គណៈកម្មការចម្រុះទន្លេមេគង្គដើម្បីពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងហ្លួងព្រះបាង ដោយសារពុំមានព័ត៌មានលំអិតគ្រប់គ្រាន់អំពីផលប៉ះពាល់របស់វានៅឡើយ ពិសេសអំពីការវាយតម្លៃផលប៉ះពាល់ឆ្លងដែន របស់គម្រោង និងកង្វះវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់លើបណ្តាប្រទេសមេគង្គក្រោម។
តាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា រដ្ឋាភិបាលឡាវ បានដាក់សំណើពិគ្រោះយោបល់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ដៃទន្លេមេគង្គចំនួន៦មានដូចជា៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេងប៉ាក់ឡាយ លួងប្រាបាង និងគម្រោង ទំនប់វារីអគ្គិសនីសាណាខាំ នៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ៕

អត្ថបទដែលជាប់ទាក់ទង