សម្តេចតេជោហ៊ុនសែនបន្តដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នជម្ងឺកូវីដ-១៩ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិភពលោក

108

វិទ្យុជាតិកម្ពុជា៖
MC ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តរំឮកដាស់តឿនដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិភពលោក។
សម្តេចតេជោហ៊ុនសែនបានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចថា ជម្ងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
សម្តេចតេជោបញ្ជាក់ថា ទោះអត្រាឆ្លងរោគកូវីដ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះដាច់ខាត។
ដូច្នេះសូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស នឹងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងចឹល។
សូមអាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងចឹលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមក្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានចឹល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។
សូមបងប្អូនជនរួមជាតិបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩។ ហើយសូមតាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ជាចុងក្រោយសម្តេចតេជោសូមអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង