មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន

145

ខេត្តរតនគិរី ៖ ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក ជា តារា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី គឺជា​អ្នកមាន​តួនាទី​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ជា​ពិសេស​គឺ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​។ ក៏​ប៉ុន្តែ​ជាក់ស្ដែង​លោក ជា តារា និង​មន្ត្រី​ក្រោម​ឱវាទ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ហើយ​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដែល​លោក ជា តារា និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក វ៉ា​ន សង្វាត ស្នងការ​រង​នគរបាល​ខេត្តរតនគិរី ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​ពី​សំណាក់​លោក ងួ​ន គឿ​ន ស្នងការ​នគរបាល​ខេត្តរតនគិរី ផង​ដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជា តារា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឈ្មួញ​ជា​ច្រើន​នាក់​ដូច​ជា ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណា​ក់​ក្បាល​ធំ និង​ឈ្មួញ​ឈ្មោះ ចែ​រ៉ា​, ឈ្មួញ​ឈ្មោះ ទូច​, ឈ្មួញ​ឈ្មោះ ច​ន្ធី​, ឈ្មួញ​ឈ្មោះ ស្រេង​, ឈ្មួញ​ឈ្មោះ ស្រី​លក្ខណ៍ ព្រមទាំង​ឈ្មួញ​យួន​មួយ​ចំនួន​កំពុង​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចេញពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​ឈ្មោះ ហាវ ក៏​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ផង​ដែរ​ព្រោះ​លោក ជា តារា និង​បក្ខពួក​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។ អាច​និយាយ​បាន​ថា​លោក ជា តារា និង​បរិវារ​បាន​ចាត់​ទុក​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជា​ប្រភព​ចំណូល​របស់​ពួក​គេ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​មួយ​ចំនួន​ដែល​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បង់លុយ​តាម​ការ​កំណត់​របស់​លោក ឈាង សុ​ភ័ក្ត្រ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ជា តារា ទើប​អាច​ចៀស​ផុត​ពី​ការ​បង្ក្រាប​។ ប្រសិនបើ​មាន​ឈ្មួញ​ណា​ហ៊ាន​គេចវេស​មិន​បង់លុយ​ឲ្យ​ក្រុម​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ក្រោម​ការ​គ្រប់គ្រង​របស់​លោក ជា តារា គឺ​ចៀស​មិន​ផុត​ពី​ការ​បង្ក្រាប​ឡើយ ហើយ​ត្រូវ​គេ​ថតរូប​ភាព​ផ្សព្វផ្សាយ​យក​ស្នាដៃ​យ៉ាង​ក្រអឺតក្រទម​ទៀត​ផង​។

ទន្ទឹម​នឹង​នេះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សា​វុន អភិបាលខេត្ត​រតនគិរី ត្រូវ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា​រិះគន់​ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជា​ពិសេស​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​បទល្មើស​នោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង