ប្រមុខការទូតកម្ពុជាអរគុណដល់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

61

វិទ្យុជាតិកម្ពុជា៖
MC ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលនៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជានៅតែបន្តកិច្ចអភិវឌ្ឍន៍ប្រទេស និងការកសាងជាតិឲ្យកាន់តែ រីក ចំរើនបើទោះបី ជួបវិបត្តិជម្ងឺកូវីដ១៩ក៏ដោយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខណៈដែលប្រទេសនៅជុំវិញពិភពលោក រួមទាំងជប៉ុនផង កំពុងប្រឈមនឹងការលំបាកខ្លាំង ផ្នែកសេដ្ឋកិច្ចនិងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសឯកឧត្តមដែលបានអញ្ជើញចុះហត្ថលេខាជាមួយ ឯកឧត្តម មិកាមិ ឯកអគ្គរាជទូត លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤ លានដុល្លារអាមេរិក ដែលបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៣ ដូចជា៖
* ទឹកប្រាក់ចំនួន ៣៤៨លានយ៉េន ប្រមាណ ៣,២លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់មន្រ្តីកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។
* ទឹកប្រាក់ចំនួន ២.១៥៣លានយ៉េន ប្រមាណ ១៩,៨លានដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរឡើងនៃមណ្ឌលសុខភាព សម្ភារវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។* ទឹកប្រាក់ចំនួន ២.០០០លានយ៉េន ប្រមាណ ១៨,៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ឯកឧត្តមថ្លែងថា ជំនួយដែលបានចុះហត្ថលេខា នៅថ្ងៃនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព និងគុណភាពផ្នែកធនធានមនុស្សរបស់យើង ដើម្បីឈានទៅសម្រេចបានពិពិធកម្មសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារបស់យើង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ឯកឧត្តមបានថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ និងក្រុមការងាររបស់ឯកឧត្តមនៅកម្ពុជា សម្រាប់ការគាំទ្រ និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជប៉ុន និងកម្ពុជា។
បើតាមឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានការណ៍លំបាកនេះបានយ៉ាងល្អ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចបន្តសហប្រតិបត្តិការ ដើម្បីជម្នះរាល់ឧបសគ្គរួមរបស់យើងនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង