ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍បែបផ្សងព្រេងចំនួន៣កន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះដាច់

155

វិទ្យុជាតិកម្ពុជា ៖ ហាន់ ស្រីណា ១៣. ០៦. ២០
 ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍បែបផ្សងព្រេងចំនួន៣កន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរខ្លាំង ទៅលេងកម្សាន្តមិនចេះដាច់ ដោយសារមានធម្មជាតិជីវៈចម្រុះដើមឈើធំៗក្រាស់ៗជាច្រើនប្រភេទរួមជាមួយនឹងជ្រលងភ្នំខ្វាត់ខ្វែង
ដែលបង្អួតសម្រស់ដ៏ស្រស់ស្អាតនារដូវវស្សានេះ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា
តំបន់ទេសចរណ៍ផ្សងព្រេងទាំង៣កន្លែងប្រចាំខេត្តកំពង់ស្ពឺនេះរួមមាន ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារនិង ខ្នងភ្នំ៧០០ ដែលជាតំបន់មួយ សម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា
ភ្ញៀវទេសចរ ជាច្រើនបានទៅលេងកម្សាន្តរៀងរាល់សប្តាហ៍ ជាពិសេសគឺក្រុមយុវជន
ខណៈដែររដូវវស្សាឈានចូលមកដល់ធ្វើឲ្យធម្មជាតិកាន់តែ ស្រស់ត្រកាលដែលធ្វើអោយយុវជនគ្រប់មជ្ឈដ្ឋានកាន់ចង់ស្វែងយល់ពីតម្លៃធម្មជាតិ។
សំឡេង: កំពង់ស្ពឺយើងមាន ៣ កន្លែងទេសចរណ៍ផ្សងព្រេងនេះទីមួយយើងមានខ្នងភ្នំឱរ៉ាល់នៅលើនិងត្រជាក់ខ្លាំងណាស់និងមានជីវៈចម្រុះដ៏សម្បូរបែបក្រសួងបរិស្ថានគាត់បានផ្សព្វផ្សាយរួចមកហើយថាមានជីវៈចម្រុះច្រើនសម្បូរមានព្រៃឈើសត្វព្រៃហើយហើយក៏មានទឹកធ្លាក់នៅភ្នំឱរ៉ាល់គឺគេហៅថាកន្ទុយច្រឡុះមកដល់ទីនេះឃើញហើយ វាកួចបែកជា២តែម្តងទឹកធ្លាក់នឹង។
លោក ងួន ឈាងហុង ដែលធ្លាប់ធ្វើដំណើរទៅតំបន់ទាំងនោះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែលថា សម្រាប់ការធ្វើដំណើរផ្សេងព្រេងនេះទទួលបានទាំងអារម្មណ៍សប្បាយរីករាយ រំសាយអស់នូវទុកកង្វល់ផ្សេងៗជាពិសេសទទួលបានបទពិសោធន៍ថ្មីៗសម្រាប់ជីវិតទាក់ទងនឹងការសម្របខ្លួនរស់នៅជាមួយធម្មជាតិដែលទទួលយកភាពម្ចាស់ការ និងការងារជាក្រុម ។
សំឡេង៖ដំណើរកំសាន្តបែបផ្សងព្រេងហ្នឹងវាទទួលបានផលប្រយោជន៍ច្រើនមិនត្រឹមតែជាការសប្បាយទេយើងទទួលបទពិសោធន៍ដូចជាការដើរក្នុងព្រៃការគេងក្នុងព្រៃការធ្វើការងារជាក្រុមយើងត្រូវសហការគ្នាបានល្អទេយើងអាចធ្វើដំណើរទៅមុខ។ម្យ៉ាងទៀតពួកខ្ញុំសុទ្ធតែជាអ្នកធ្វើការ ដូច្នេះមកលេងពេលចុងខែចឹងបញ្ហាទាំងឡាយរសាយបាត់តែម្តង។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជាច្រើនកន្លែង ដែលទាក់ទាញអ្នកទេសចរទៅលេងកម្សាន្តមិនចេះដាច់។

អត្ថបទដែលជាប់ទាក់ទង