រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រីឲ្យក្លាយជា«រុក្ខវិថីគំរូ»ប្រចាំស្រុក

417

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.០៦.២០២០

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោង ប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី ឲ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុក ដើម្បីជាផ្នែកមួយរួមចំណែកយុទ្ធនាការ «២០២០បន្ទាយស្រីស្អាត» កាន់តែទាក់ទាញភ្ញៀវទេសចរណ៍ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី ឲ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុកនេះ គឺមានប្រវែងជិត២០គីឡូម៉ែត្រ ដែលនឹងមានដាំដើមផ្កាលម្អនៅតាមដងផ្លូវ នឹងពទ្ធ័ជុំវិញដើមឈើធំៗ ជាពិសេសមិនឲ្យមានសកម្មភាព រំលោភចំណីផ្លូវ គ្មានសំរាមបោះចោលពាសវាលពាសកាល ជាដើម។សំរាប់សកម្មភាពនេះ លោក បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនបានឧបត្ថម្ភដើមផ្ការាប់ពាន់ដើមទាំងតូចទាំងធំជាបន្តបន្ទាប់ ដូចជាដើមក្ងោក ដើមសាគូរ៉ា ផ្កាចម្រុះជាដើម ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពតំបន់នេះ ឲ្យមានភាពទាក់ទាញកាន់តែច្រើន ពីសំណាក់ភ្ញៀវទេសចរ។

សំឡេង ៖ តាមពិតទៅការងារផ្កានេះ យើងមានគម្រោងដាំហើយមានអ្នកខ្លះគាត់បានដឹងអំពីគម្រោងយើង ដោយគាត់បានឃើញសកម្មភាពការដាំដើមឈើគឺគាត់បានផ្ដល់ជូនជាបន្តបន្ទាប់ ហើយក្នុងនោះដែល អ្នកដែលជាផ្នែកធំរបស់គម្រោងយើង គាត់បានផ្ដល់ជាដើមធំៗតែម្ដង ហើយនឹងមានអ្នកផ្សេងទៀតមានដើមតូចធំផ្សេងៗទៀតរាប់ពាន់ដើម មានអ្នកខ្លះទៀតឱ្យដើមក្រញ៉ូងផងដែរ។ គាត់ផ្ដល់ជូនរដ្ឋបាលស្រុកក្នុងហេតុផល ពាក់ព័ន្ធនឹងយុទ្ធនាការដាំកូនឈើ ជាពិសេសគឺការដាំដើមផ្កានៅក្នុងស្រុកបន្ទាយស្រីរបស់យើង ហើយគោលដៅមិនចាកឆ្ងាយអ្វីខ្លាំងអំពីការរៀបចំដើម្បីឲ្យស្រុកមានសោភ័ណភាព ព្រោះថានៅកន្លែងហ្នឹងយើងផ្តោតខ្លាំងទៅលើដើមផ្កា ដោយសារតាមពិតទៅនៅក្នុងទីប្រជុំជនស្រុកបន្ទាយស្រីដើមឈើមានច្រើនហើយ គ្រាន់តែយើងត្រូវការសម្អាតរៀបចំឲ្យមានរបៀបរបប ហើយយើងគិតថា យើងនឹងបន្ថែមជាមួយដើមផ្កាឲ្យបានច្រើនថែមទៀត ។

សូមបញ្ជាក់ថា ប្រសិនបើស្ថានភាពកូវីដ-១៩បានធូរស្រាលខ្លាំង រដ្ឋបាលស្រុកនឹងអនុវត្តន៍គម្រោងនេះឲ្យបានឆាប់រហ័ស ដោយអនុញ្ញាតអោយមានការចូលរួមឲ្យបានទូលំទូលាយ ពីសំណាក់មហាជននិងប្រជាពលរដ្ឋដែលស្រលាញ់បរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង