មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអៈអាងថា វិធានការទាំងអស់របស់ រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រង បាន លើបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩

116

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៨ ០៧ ២០២០


MC៖មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអៈអាងថា វិធានការទាំងអស់របស់ រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងបាន លើបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិចំនួន ១១៦៤ លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងបញ្ហាសង្គម ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖….
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គិតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាជាតិប្រមាណ១.១៦៤លានដុល្លារអាមេរិកហើយ ដើម្បីស្តារបញ្ហា សេដ្ឋកិច្ច និងសង្គមដែលរងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីវិធានការទ្រទ្រង់ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចនិងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា នាទីស្តីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក៏បានចាយថវិកាបន្ថែម៣០០លានដុល្លារសម្រាប់ជំនួយសង្គម ១០០លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង ៦០លានដុល្លារសម្រាប់ជួយដល់វិស័យរោងចក្រកាត់ដេរជាដើម ។ ឯកឧត្តមបានហៅការចំណាយទំាងនេះថា ជាការចំណាយពុំធ្លាប់មានរបស់រាជរដ្ឋាភិបាល ព្រោះ ជាការចំណាយលើសថវិកាសន្សំរបស់រដ្ឋ។
សំឡេង«ចំណាយ១១៦៤ លានដុល្លារនេះ ចំណាយខាងផ្នែកថវិកាអន្តរាគមន៍គឺមាន៥៦៤លានដុល្លារ ចំណាយអន្តាគមន៍ទៅលើការផ្តល់ឥណទាន៦០០លានដុល្លារ ។ ក្នុងនោះការបើកផ្តល់មកដល់ថ្ងៃនេះ ទី១ខាងផ្នែកជំងឺដែលយើងគ្រោង១០០លានយើងបើកបាន១០លានដុល្លារហើយដើម្បីចាយ ខាងបណ្តុះបណ្តាលជំនាញដែលយើងគ្រោង៦៤ លាននេះ ឥលូវចាយបាន២៥ លានដុល្លារហើយ ហើយខាងសាច់ប្រាក់ពលកម្មនេះយើងបានបើកសាច់ប្រាក់១០០លានហើយ បើកចេញទៅហើយប៉ុន្តែយើងផ្ទេរឲ្យផ្ទាល់តែម្តងក្រុមហ៊ុនចាយអស់ប៉ុន្មាន វាអាស្រ័យលើមូលដ្ឋាន ចំណាយសម្រាប់ដោះស្រាយបញ្ហាប្រជាជននេះ យើងបានចំណាយ១២៧លានហើយកម្មវិធីជំនួយសង្គមនេះ លើទឹកប្រាក់៣០០លាន » ។
ឯកឧត្តម វង្សី វិស្សុតបានអះអាងថា នៅពេលនេះកម្ពុជាអាចគ្រប់គ្រងបានទាំងស្ថានភាពរីករាលនៃជំងឺកូវីដ១៩ ផលប៉ះពាល់មកលើផ្នែកសេដ្ឋកិច្ច និងសង្គម ។ ការអាចគ្រប់គ្រងបាននេះ គឺដោយសារតែកត្តាដឹកនាំល្អ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ការដាក់ចេញគោលនយោបាយ និងវិធានការទាន់ពេលវេលាប្រកបដោយភាពហ្មត់ចត់ ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា និង ដោយសារតែកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំតាំងពីមុនការមកដល់នៃជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង