មាន់ខ្មៅក្នុងខេត្តតាកែវកំពុងមានតម្រូវការទីផ្សារទំាងពូជនិងសាច់សម្រាប់បរិភោគ

208

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៨.០៧.២០២០


Mc៖ មាន់ខ្មៅក្នុងខេត្តតាកែវកំពុងមានតម្រូវការទីផ្សារទំាងពូជនិងសាច់សម្រាប់បរិភោគ ដែលធ្វើឲ្យកសិករចិញ្ចឹមមានចំណូលខ្ពស់ក្នុងសេដ្ឋកិច្ចគ្រួសារ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………….
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមមាន់ខ្មៅចំនួន៥កន្លែង ក្រោមការផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មខេត្តលើកម្មវិធីចុះផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ ។
លោកបន្តថា ក្រោយពេលទទួលបានបច្ចេកទេសនៃការចិញ្ចឹម បានធ្វើអោយមាន់ខ្មៅនេះ ទទួលបានលទ្ធផលល្អ ដោយក្នុងមួយក្បាលទម្ងន់ប្រមាណ២គីឡូក្រាម កសិករអាចលក់បានជាង១០ម៉ឺនរៀល បើប្រៀបធៀបទៅនឹងមាន់ខ្មែរឬមាន់ផ្សេងៗទៀតគឺមាន់ខ្មៅមានតម្លៃខ្ពស់ហើយមានទីផ្សារល្អ ។ ដោយឡែកសម្រាប់មាន់ខ្មៅពូជវិញ គឺមួយក្បាលតម្លៃចាប់ពី១២ម៉ឺនរៀលឡើងទៅ ។
សំឡេង ៖« យើងសង្កេតឃើញថាឥឡូវនេះ ការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែដែរ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើងនេះ ដោយសារតែតម្រូវការកាន់តែមានការកើនឡើង ចឹងទោះបីយើងមានបញ្ហាកូវីដក៏ដោយក៏មិនជាប៉ះពាល់ខ្លាំងទៅដល់ការចិញ្ចឹមសត្វផ្សេងៗនោះដែរ ។ហើយផ្ទុយទៅវិញវាគឺជាការផ្ដល់ឱកាសល្អទៅដល់ការចិញ្ចឹមសត្វនៅក្នុងប្រទេសយើង ដែលអាចស្វែងរកនូវប្រាក់បានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ»។
លោក ស៊ី សម្ភស្ស កសិករចិញ្ចឹមមាន់ខ្មៅនៅខេត្តតាកែវ បានឲ្យដឹងថា គាត់បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរធម្មតាមកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលចិញ្ចឹមដូចមាន់ស្រែធម្មតា ជាពិសេសទទួលបានតម្លៃខ្ពស់ជាង ។
សំឡេង ៖ «ពីមុនខ្ញុំដាក់មាន់ខ្មែរខ្ញុំធ្វើរោងធំដែល ប៉ុន្តែដល់ពេលយើងចិញ្ចឹមមាន់ខ្មែរគឺចិញ្ចឹមរាងយូរដូចមាន់ខ្មៅដែល ដោយសារភ្ញៀវសាញរឿងដុះរោមមិនទាន់ជិត ដល់ពេលចឹងទៅយើងក៏ដូរមកចិញ្ចឹមមាន់ខ្មៅវិញ វាស្រួលចិញ្ចឹមយើងដុះរោមលឿនជាង ។ សំរាប់តម្លៃគឺថ្លៃជាង។ ៥ទៅ៦ខែគឺពេញវ័ញហើយ »។
សូមបញ្ជាក់ថា មាន់ខ្មៅអាចយកទៅកែច្នៃជាម្ហូបបានយ៉ាងច្រើនប្រភេទ ដូចជា មាន់ស្ងោ មាន់ចៀន សាច់ក្រក ប្រហិត សាច់ផាត់ ហើយការបរិភោគគឺជួយអោយមានសុខភាពល្អ រាងកាយមំាមួន៕

អត្ថបទដែលជាប់ទាក់ទង