តំណាងវិស័យឯកជនស្នើរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅថ្ងៃទី ១៧ដល់ថ្ងៃទី២១ ខែ សីហា

118

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៣.០៧.២០២០

MC៖   តំណាងវិស័យឯកជន ស្នើរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅថ្ងៃទី ១៧ដល់ថ្ងៃទី២១ ខែ សីហាដើម្បីបានឈប់សំរាកជួបជុំក្រុមគ្រួសារ នៅឯស្រុកកំណើត។  

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា មូលហេតុដែល តំណាងវិស័យឯកជនបានស្នើសុំឱ្យរាជរដ្ឋាភិបាលកំណត់យកថ្ងៃឈប់សម្រាក ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី ១៧ដល់២១ ខែ សីហា ឆ្នាំ ២០២០ ដោយផ្អែកលើហេតុផល និងគោលបំណងសំខាន់ៗមួយចំនួន ដូចជា៖ ១. ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រោងចក្រ-សហគ្រាស ជាពិសេសក្នុងវិស័យកាត់ដេរ និងស្បែកជើង ក្នុងការបញ្ចប់ច្រវាក់ផលិតកម្ម និងការនាំចេញទំនិញតាមការបញ្ជា ទិញដែលមានស្រាប់ ឱ្យបានមុនថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២០ ដែលជាកាលបរិច្ឆេទ នៃការចូលជាធរមាននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់យ៉ាង លើកលែងសព្វាវុធ (EBA) របស់សហគមន៍អឺរ៉ុប, ២. ជាកាលបរិច្ឆេទមួយដែល មានគម្លាតសមរម្យ (មួយខែ) ពីពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ ២០២០ ដែលនឹងអនុញ្ញាតឱ្យប្រជាជនចូលរួមជួយលើកស្ទួយ វិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការចំណាយ ២ដងក្នុងអំឡុងពេលឈប់ សម្រាកដាច់ពីគ្នា, ៣.អាចអនុញ្ញាតឱ្យម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់ នៅតាមតំបន់ទេសចរណសំខាន់ៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំបើក ដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរដែលមកកម្សាន្តក្នុងអំឡុងពេលឈប់សម្រាក, ៤កម្មករ-និយោ ជិតទទួលបានប្រាក់បៀវត្សមុន ពេលឈប់សម្រាក ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត និងចំណាយនានា ។

សេចក្តីដដែលបន្តទៀតថា តំណាងវិស័យឯកជនបានក៏លើកសំណើមួយចំនួនបន្ថែម រួមមាន៖ (១). ស្នើពន្យារពេលនៃការដាក់លិខិតប្រកាសពន្ធ (Tax Filing) ប្រចាំខែសីហា ឆ្នាំ ២០២០ ទៅក្រោយថ្ងៃឈប់សម្រាក១៧-២១ ខែសីហា ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំលិខិតប្រកាសពន្ធនេះ និង (២), ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញលិខិតបទដ្ឋានគតិយុត្តចែងអំពីថ្ងៃឈប់សម្រាក ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី ១៧-២១ ខែ សីហា ឆ្នាំ ២០២០ ដោយមានការបញ្ជាក់បន្ថែមក្នុងរង្វង់ក្រចកថាម្ចាស់រោងចក្រ-សហគ្រាសអាចមានភាពទន់ភ្លន់ (Flexibility) ក្នុងការកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលវេលាសមស្របណាមួយផ្សេង ពីកាលបរិច្ឆេទដែលកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីចរចានិងទទួលបានការយល់ព្រម ពីសំណាក់កម្មករ-និយោជិត។

សូមបញ្ជាក់ថា ការពិភាក្សាលើថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំបានធ្វើឡើង ដោយឈរលើស្មារតីនេះនៃគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង