អាជ្ញាធរខេត្តពោធិ៍សាត់ ដាក់ពង្រាយធុងសំរាមតាមបណ្តោយផ្លូវបុប្ផាលាក់ខ្លួន ដើម្បីធានាបាននូវបរិស្ថានស្អាត

101

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.០៧.២០២០

MC ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានរៀបចំពង្រាយធុងសំរាមដាក់ពង្រាយធុងសំរាមតាមបណ្តោយផ្លូវបុប្ផាលាក់ខ្លួនដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបាន វេចខ្ចប់ទុកដាក់សំរាមឬកាកសំណល់អោយបានត្រឹមត្រូវ  ជៀសវាងការបោះចោលពាលវាលពាសកាល។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយអាជ្ញាធរពាក់ពន្ធ័ និងប្រជាពលរដ្ឋក្នុងតំបន់នោះ បានចុះសំអាតអនាម័យបរិស្ថាន បិទស្លាកណែនាំអនាម័យ និងដាក់ពង្រាយធុងសំរាមទីតាំងមួយចំនួន តាមដងផ្លូវជាតិលេខ៥៥ ចាប់ពីគីឡូម៉ែត្រលេខ១៤១ដល់ លេខ១៤៥ ដើម្បីធ្វើឲ្យដងផ្លូវនេះនៅតែជាផ្លូវដែលពោរពេញទៅដោយធម្មជាតិបៃតងស្រស់ស្អាត និងសំរាប់ឲ្យភ្ញៀវទេសចរងាយស្រួលក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ ។ 

លោកបានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរបានដាក់ធុងសំរាមនៅទីតាំងសំខាន់ៗបានចំនួន៤កន្លែងរួចមកហើយ និងបានត្រៀមដាក់ចំនួន១២កន្លែងបន្ថែមទៀត ដើម្បីរក្សាបាននូវបរិស្ថានល្អ ដែលជាទ្រព្យដ៏មានតម្លៃសម្រាប់ខ្លួនឯងនិងសង្គមជាតិទាំងមូល ។

សំឡេង៖ អញ្ចឹងយើងត្រូវតែមានធុងសំរាម ដើម្បីត្រៀមបំរុងការពារប្រជាពលរដ្ឋដែលទៅកម្សាន្តនៅទីនោះគាត់ចោល ដែលប្រជាជនមួយចំនួនគាត់មិនបានយកចិត្តទុកដាក់ប៉ុន្តែ បើសិនជាគាត់គិតថានៅពេលដែលមិនទាន់មានធុងសំរាមទេនោះ គាត់គួរតែយល់ថាពេលបរិភោគរួចហើយ មានកាកសំណល់ដែលនៅសេសសល់នេះ គាត់គួរតែវេចខ្ចប់ដាក់លើរថយន្តត្រឡប់ទៅវិញ គឺទៅដល់ទីតាំងត្រង់ណាដែលថាអាចទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវបាន ចៀសវាងការបោះចោលពាសវាលពាសកាលដូច្នេះ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឈ្មោះ «ផ្លូវបុប្ផាលាក់ខ្លួន» ជំនួសផ្លូវអន្ទង់អាំងនៃផ្លូវជាតិលេខ៥៥ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានប្រវែងសរុបជាង១៨២គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់-វាលវែង ដល់ថ្មដា រវាងព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ៕

អត្ថបទដែលជាប់ទាក់ទង