អាជ្ញាធរស្រុកក្រូចឆ្មាត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅរដូវទឹកជំនន់ខាងមុខ

150

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ១៣.០៧.២០២០

MC៖អាជ្ញាធរស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅរដូវទឹកជំនន់ខាងមុខដើម្បីឆ្លើយតបក្នុងការជួយប្រជាពលរដ្ឋរងសង្គ្រោះអោយទាន់ពេលវេលា ខណៈដែលស្រុកនេះតែងតែជន់លិចដោយសារជំនន់ទឹកទន្លេមេគង្គជារៀលរាល់ឆ្នាំ ។ 

អ្នកយកព័ត៌ាមានយើងរាយការណ៍បន្ថែម…………………. 

លោក សយ ទូច អភិបាលនៃគណៈអភិបាល ស្រុកក្រូចឆ្មារ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា  ស្រុកក្រូចឆ្មារតែងរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គរៀងរាល់ឆ្នាំ  ដូចនេះខាងអាជ្ញាធរបាន ចុះ អប់រំផ្សព្វផ្សាយ ជាសាររំលឹកដល់ប្រជាពលរដ្ឋ រស់នៅឃុំដែលធ្លាប់ជន់លិច អោយត្រៀមរៀបចំ ទុក ដាក់សំភារៈអោយផុតពីទឹក  ពិសេសត្រូវប្រុងប្រយត្ន័ខ្ពស់ ចំពោះគ្រួសារដែលមានសមាជិក កូនតូចៗ និងមនុស្សចាស់ នៅពេលដែលទឹកជំនន់មកដល់នាពេលខាងមុខ ។ 

លោកអភិបាលបញ្ជាក់ថា ខាងអាជ្ញាធរស្រុកបានសហការជាមួយមន្ទីរធនធានទឹក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមបាវច្រកខ្សាច់ ដាក់ជាទំនប់ទឹកប្រវែង១៥០០ម៉ែត្រ ត្រៀមទូកល្បឿនលឿន៧គ្រឿង ផ្ទុកមនុស្សបានចំនួន៦នាក់ ត្រៀមម៉ែត្រវ៉ាស់កំរិតទឹកជន់ និងរៀបចំទីទួលសុវត្ថិភាពនៅលើដងផ្លូវ និងនៅតាមសាលារៀនមួយចំនួនទៀត ។   

សំឡេង៖ ឆ្នាំនេះក្រសួងធនធានទឹកបានគាំទ្រនូវបាវខ្សាច់ច្រកទប់ច្រាំង ជាយុទ្ធនាការទប់ច្រាំងមុននិងបាក់ គឺមានបីទីតាំង ទី ១ នៅឃុំ២  និងឃុំរកាខ្នុរ ក្នុង១កន្លែង ៥០០ ម៉ែត្រ ពីរឃុំនេះ១០០០ម៉ែត្រ និងទៅតាំងទីបីនៅឃុំក្រូចឆ្មាលើ នៅម្ដុំផ្សារដល់ពេទ្យបង្អែក ៥០០ដែរ នេះជាចំនុចបាក់ជ្រៅខ្លាំងដែរ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយសហការជាមួយរដ្ឋាបាលស្រុកបានចុះដាក់ម៉ែត្រវាស់កំពស់ទឹក អញ្ចឹងទឹកឡើងកម្ពស់ណា យើងផ្ដល់ព័ត៌មានទៅតាមមូលដ្ឋានឃុំទាំងអស់ ជូនប្រជាពលរដ្ឋ ហើយយើងមានកម្លាំងប៉ុស្តិ៍នគរបាលរបស់យើងនៅគ្រប់ឃុំ ហើយកម្លាំងប្រជាការពារបានហ្វឹកហ្វឺនពីផ្នែកកម្លាំងនគរបាលយើងក៍មាននៅតាមគ្រប់ភូមិផងដែរ ហើយយើងមានទូកលឿនៗចំនួន ៧ទូក ដើម្បីរុករកប្រជាពលរដ្ឋដែលនៅឆ្ងាយចង់កាត់មាត់ញក ឆ្ងាយៗ ជួយសង្គ្រោះបន្ទាន់នៅពេលដែលគាត់ត្រូវឆ្លងទន្លេ-ល- ។

អភិបាលស្រុកបន្ថែមថា អាជ្ញាធរស្រុកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋមានជីវភាពស្ថិតក្នុងកំរិតក្រ១ និងក្រ២ ដែលរស់នៅឃុំឆ្ងាយៗ ដាច់ស្រយា  មានចាស់ជរា ក្មេងកំព្រា កុមារតូចៗ ដែលខ្វះនូវតំរូវការផ្សេងៗ ខាងស្រុកនិងតាមដានចាំជួយលើការងារសង្គមកិច្ច និង ការងារមនុស្សធម៌ផងដែរ ។  

សូមបញ្ជាក់ថា នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃុំ  មានឃុំចំនួន១២ ក្នុងនោះមានឃុំចំនួន១០ដែលតែងតែជន់លិចជារៀងរាល់ឆ្នាំដោយមានឃុំដូចជា៖ ឃុំជំនី ឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំក្រូចឆ្មា ឃុំប៉ឺស១ ឃុំប៉ឺស២ ឃុំព្រែកអាជី  ឃុំរកាខ្នុរ  ឃុំស្វាយឃ្លាំង និងឃុំទ្រា   ចំពោះការជន់លិចម្ដងៗគឺមានរយៈពេលពី ២ខែ ទៅបីខែ ដោយចាប់ផ្ដើម ពីដើមខែ៨ រហូតដល់ចុងខែ១០ គឺអាស្រ័យលើការបំរែបំរួលអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង