រដ្ឋបាលខេត្តរតនគិរី បង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យវិនិយោគជាមួយបណ្ដាប្រទេសជាប់ព្រំដែន

74

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៣ ០៧ ០២០

MC៖  រដ្ឋបាលខេត្តរតនគីរីបានបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យវិនិយោគជាមួយបណ្ដាប្រទេសជាប់ព្រំដែនខេត្តនេះ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋឱ្យកាន់តែច្រើន។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា រដ្ឋបាលខេត្ដនឹងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាខេត្ដដែលជាប់ព្រំដែន មានដូចជា ឡាវ និងប្រទេសវៀតណាម។  ក្រៅពីនេះក៏បានសហការជាមួយប្រទេស ថៃ និងប្រទេសចិនផងដែរ ដើម្បីជំរុញការផ្លាស់ប្ដូរការវិនិយោគ លើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ទៅវិញទៅមក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនកិច្ចសហប្រតិបត្ដិការបណ្ដាប្រទេសជាប់ព្រំដែននេះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សំឡេង«អាជ្ញាធរខេត្ដបានខិតខំលើកកម្ពស់ កិច្ចកិច្ចសហប្រតិបត្ដិការជាមួយ ខេត្ដជាប់ព្រំដែន  និងបានធ្វើកិច្ចប្រជុំទ្វេភាគី តាមរបបធ្វើជាម្ចាស់ផ្ទះពីឆ្នាំម្ដង ទន្ទឹមនិងនោះ ខេត្ដចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ដខ្វាង ស៊ីនៃប្រទេសចិន និងកិច្ចសហប្រតិបតិ្ដការជាមួយប្រទេសថៃ ដើម្បីបង្កើតការវិនិយោគទេសចរ អប់រំ និងវប្បធម៌.»។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នកម្ពុជា និងឡាវ កំពុងសិក្សាបើកចក្រព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ផងដែរ។

សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំ្នកន្លងមកនេះ រដ្ឋបាលខេត្តរតនគិរី បានប្រមូលចំណូលពន្ធគយពីការនាំទំនិញចេញនាំចូលបានចំនួនសរុបជាង ២១ពាន់ប៊ីលានរៀល ៕

អត្ថបទដែលជាប់ទាក់ទង