ចេកអំបូងលឿងក្នុងខេត្តរនតគិរីអាចប្រមូលផលបាន៣០០តោនក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការទីផ្សារ

112

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៣ ០៧ ២០២០


MC៖ ដំណាំចេកអំបូងលឿងក្នុងខេត្តរនតគិរីអាចប្រមូលផលបាន ៣០០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ពិសេសអាចជួយបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…………..
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី ១៣ ខែ កក្កដាឆ្នាំ ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីមានប្រសាសន៍ថា បច្ចុប្បន្នខេត្តរតនគិរីបានទទួលគម្រោងវិនិយោគលើការដំាដុះដំណាំចេក អំបូងដែលមានផ្ទៃដីទំហំប្រមាណ៨៤៩៣ហិកតា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការវិនិយោគដំណាំ ចេកអំបូងលឿងនេះ បានបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនេះ ដោយពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុកជាដើម។
សំឡេង៖« ដំណាំដែលនាំចេញសំរាប់ការផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ចេកអំបូងលឿងដែលដាំដោយក្រុមហ៊ុនវិនិយោគដែលមានចំនួនផ្ទៃដី ៨៤៩៣ហិកតា កំពុងប្រមូលលើផ្ទៃដីប្រមាណ ៦០០០ហិកតា ដោយមានបរិមាណជាង៣០០តោនក្នុងមួយថ្ងៃ»។
ឯកឧត្តម ថង សាវុន បន្ថែមទៀតថា ចេកអំបូងលឿងបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារខ្ពស់ចំពោះការនាំចេញទៅក្រៅប្រទេស ពិសេសប្រទេសចិន ដោយសារមានការខិតខំរបស់អាជ្ញាធរក្នុងការអប់រំបណ្តុះបណ្តាលប្រជាកសិករ និងក្រុមហ៊ុនវិនិយោគពិបច្ចេកទេសនៃការដាំដុះ ព្រមជាមួយនឹងការខិតខំធ្វើការផ្សព្វផ្សាយពីគុណភាព និងសក្តានុពលរបស់ផលិតផលកម្ពុជាទៅកាន់ទីផ្សារបណ្តាប្រទេសនានាលើពិភពលោក។
សូមបញ្ជាក់ថា ការនាំចេញចេកអំបូងលឿងស្រស់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ដើមខែកក្កដានេះសម្រេចបានជិត១៥ម៉ឺនតោន កើនឡើងជាង១៥០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង