អភិបាលខេត្តរតនគិរីអះអាងថាគ្មានក្រុមហ៊ុនណាមួយកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មនៅក្នុងខេត្តឡើយ

78

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ែន សុវុទ្ធី


MC: ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានអះអាងថា មកទល់ពេលនេះគ្មានក្រុមហ៊ុនណាមួយកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មនៅក្នុងខេត្តឡើយ ខណៈដែលអាជ្ញាធរខេត្តនិងអ្នកពាក់ព័ន្ធ បានពង្រឹងយន្តការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើយ៉ាងសកម្ម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានបញ្ជាក់ថា អាជ្ញាធរខេត្តបានអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ កម្លាំងប្រចាំការល្បាតព្រៃ និងអន្តរាគមន៍លើបទល្មើសព្រៃឈើ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ខុសច្បាប់គឺក្នុងគោលដៅធានាការការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានគង់រង្ស។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការអនុវត្តយន្តការនេះបានធ្វើឲ្យខេត្តរតនគិរី គ្មានបទល្មើ ព្រៃឈើឬគ្មានក្រុមហ៊ុនណា ឬសហគ្រាសណាមួយកាប់បំផ្លាញព្រៃឈើ និងកែច្នៃផលិតព្រៃឈើទៅជាសំភារៈណាមួយឡើយ។
ការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺឆ្លើយតបទៅនឹងសំនួរ របស់អ្នកសារព័ត៌មាន ដែលបានចោទសួរថាខេត្តរតនគិរីនៅបន្តកើតមានបទល្មើសកាប់ព្រៃឈើជាហូរហែរ។
(សំឡេង)៖ «ខ្ញុំសូមបញ្ជាក់ថា មកដល់ពេលនេះមិនមានក្រុមហ៊ុនណាមួយមានការកាប់បំផ្លាញ់ឬទន្រ្ទាមព្រៃឈើដើម្បីធ្វើអាជីកម្មកែច្នៃផលិតជាសំភារៈឡើយ ហើយក៏មិនមានការកាប់បំផ្លាញព្រៃឈើពីតំបន់ខាងក្រៅមកផ្តត់ផ្គងឲ្យក្រុមហ៊ុនណាមួយ ដើម្បីប្រើប្រាស់កែច្នៃជាសំភារៈណាមួយឡើយសូមបញ្ជាក់»។
សូមបញ្ជាក់ថា នៅខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ០៧កន្លែង និងតំបន់របៀងអភិរក្សជីវចម្រុះ១កន្លែង រួមមាន ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃលំផាត់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្ខឡោម តំបន់ការពារទេសភាពបឹងលំកុដ បឹងយក្ខអោមនិងយ៉ាករ៉ា ដែលមានផ្ទៃដីសរុបចំនួន ៧០៤.៩០៦ហិកតា។ ហើយតំបន់ទាំងអស់នេះសុទ្ធសឹងតែជាតំបន់សំបូរទៅដោយសម្បត្តិធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទសត្វព្រៃ សត្វកម្រដែលជិតផុតពូជ និងសិ្ថតនៅក្នុងបញ្ជីងាយរងគ្រោះ។ ជាមួយគ្នានេះមន្ទីរបានជម្រុញបង្កើត សហគមន៍ការពារធម្មជាតិបានចំនួន ១០ ក្នុងន័យជួយចូលរួមគ្រប់គ្រងថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង