រាជរដ្ឋាភិបាលចាប់ផ្តើមសាងសង់ផ្លូវចូលទីតាំងគម្រោងស្ថាបនាព្រលានយន្តហោះខេត្តមណ្ឌលគិរី

39

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី មណ្ឌលគិរី

MC៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់​ផ្លូវចូលទីតាំងគម្រោង​ព្រលានយន្តហោះនេះ គឺជាផ្នែកមួយនៃគម្រោងផ្សេងៗ ទៀតនៃការសាងសង់ព្រលាន​​យន្តហោះរបស់រាជរដ្ឋាភិបាល ហើយក៏ជាការត្រៀមទុកជាមុនសំរាប់ការពង្រីកផ្លូវដែលមានទំហំទទឹង៦០ ម៉ែត្រ និងប្រវែង ៣៦០០ ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជា ការដឹកទំនិញផ្សេងៗពីទីរួមខេត្តមណ្ឌលគិរី មកព្រលានយន្តហោះនេះ។

ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រ និងគ្រឿងសំណង់ផ្សេងៗ នៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាល និងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវ ដើម្បីធ្វើឱ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។

ឯកឧត្តម បានបញ្ជាក់ដែរថា ការកសាងផ្លូវនេះ គឺជាគម្រោងរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ធ្វើយ៉ាងណាឱ្យការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះដំណើរការទៅរលូនតាមផែនការរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បានបន្ថែមថា នៅពេលដែលផ្លូវ និងព្រលានយន្តហោះនេះ បានសាងសង់ហើយជាស្ថាពរ វានឹងជំរុញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ហើយតាមរយៈកំណើនភ្ញៀវទេសចរនេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេស គឺប្រជាពលរដ្ឋស្រុកអូរាំងតែម្ដង។

ឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសំណូមពរដល់អាជ្ញាធរពាក់ពន្ឋ័ទាំងអស់ ត្រូវបន្តសហការគ្នា ដើម្បីជំរុញឱ្យការសាង់សងផ្លូវ ដូចជាការសាងសង់ព្រលានយន្តហោះនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនេះ ឱ្យដំណើរការទៅបានប្រកបដោយជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគិរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេខណៈដែលទំហំនៃថវិការវិនិយោគត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង