រដ្ឋលេខាធិការក្រសួងបរិស្ថានផ្តល់អនុសាសន៍៥ចំណុចដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ

104

ដោយលោកស្រី សឹង សុផារី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យបរិស្ថានល្អប្រសើរឡើងបន្ថែមទៀត។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆមាសទី១ និងទិសដៅការងារឆមាសទី២ កាលពីរសៀល ថ្ងៃទី០៧ ខែសីហា ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យវិស័យបរិស្ថាន កាន់តែល្អប្រសើរ រួមមាន ៖
១៖ បន្តជំរុញការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សា អំពីការវេចខ្ចប់ទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវ ឲ្យបាន នៅគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋ។

២៖ ពង្រីកការអប់រំផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងតាមសហគមន៍នានាឲ្យបានច្រើន។
៣៖ បន្ទាប់ពីចុះពិនិត្យទីតាំងកំណត់ការបញ្ចេញកាកសំណល់រឹងប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរួច សូមពិនិត្យមើលទីតាំងតែមួយ ដើម្បីកាត់បន្ថយទីតាំងបញ្ចេញសំរាម ។
៤៖ រៀបចំសិក្សាគម្រោងបង្កើតវិថីមេត្រីភាពបរិស្ថាន ដែលនៅតាមដងវិថីនេះ មានផ្លូវដើរប្រកបដោយដើមឈើពណ៌បៃតង អាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមិនប្រើប្រាស់ថង់ប្លាស្ទិក។
៥៖ ចុះអប់រំផ្សព្វផ្សាយតាមបុរីនានា និងណែនាំដល់ម្ចាស់បុរី ឲ្យធ្វើការជ្រើសរើសទីតាំងរួម ក្នុងការទុកដាក់សំរាមសំណល់រឹង ដើម្បីងាយស្រួលដឹកជញ្ជូនចេញ។
ឯកឧត្តមក៏បានបន្តស្នើសុំ និងជំរុញដល់មន្ទីរបរិស្ថាន ពង្រឹងកិច្ចសហការឲ្យបានល្អ ជាមួយមន្ទីរជំនាញនានានិងអាជ្ញាធរដែនដី បន្តអនុវត្តន៍ការងារឲ្យកាន់តែសកម្មថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការងារគ្រប់គ្រងគុណភាពបរិស្ថាន (ទឹក ដី ខ្យល់) នៅរាជធានីភ្នំពេញកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង