រដ្ឋមន្រ្តីក្រសូងកសិកម្មណែនាំឲ្យប្រជាកសិករយកចិត្តទុកដាក់លើការងារបង្កបង្កើនផល

95

លោក យី វិច្ឆិកា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ណែនាំឲ្យប្រជាកសិករយក​​ចិត្ត​ទុក​ដាក់លើ​​ការងារបង្ក​​បង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងសម្រាប់ផ្គត់ផ្គង់​​ទីផ្សារ ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរ​ជា​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល​​ជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍​​ប្រព័ន្ធកសិក​ម្មចំរុះនៅ ភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់​​ពីលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមក  រួមមាន បានបណ្តុះបណ្តាល​​បុគ្គលិក​​គម្រោង និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៣នាក់ អំពី ប្រព័ន្ធកសិកម្មចំរុះ និង ការវាយតម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្រិតកសិដ្ឋាន និងកម្រិតទេសភាព។ បានបណ្តុះបណ្តាលកសិករអំពី បច្ចេក ទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ បានចំនួន ១ ១១៥ គ្រួសារ (ស្ត្រី ៦៨៧ នាក់) ក្នុងនោះនៅខេត្តពោធិ៍សាត់ ៥៩០នាក់ និងខេត្តកំពង់ឆ្នាំង ៥៣៥ នាក់ ។ បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះបានចំនួន១ ០២៣ប្លង់។ បានរៀបចំសិក្ខាសាលាស្តីពី “ការគាំទ្រការសម្រេចចិត្តដោយមានការចូលរួម” ជាមួយកសិករ បានចំនួន ២៤វគ្គ មានកសិករចូលរួមសរុបចំនួន ៤៥៣ នាក់ (ស្ត្រី ២៤៣ នាក់)។ បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេកវិទ្យាក្រោយការប្រមូលផល” បានចំនួន ៣២វគ្គ មានកសិករចូលរួមចំនួន ៦៦២ នាក់ (ស្ត្រី ៤០៧ នាក់)។ បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ ចំនួន ២៨ ក្រុម ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាកសិករឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀង​​ក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ ។

យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំមាន កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន ឈើហូបផ្លែចំនួន ៣៤ ៣១១ដើម មាន់ពូជនិងទាចំនួន ៣ ៩២២ក្បាល កូនត្រីនិងកូនកង្កែបចំនួន ១៩ ៧២៥ក្បាល ចំណីមាន់ចំនួន ១២បាវ ចំណីត្រី ចំនួន ១៤បាវ និងជីធម្មជាតិចំនួន ១១៥បាវ ៕

អត្ថបទដែលជាប់ទាក់ទង