អាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា ស្ថានភាពទឹកជំនន់នៅអាងតាម៉ុកមិនអាចឈានដល់កម្រិតប្រកាសអាសន្ននោះទេ

116

ដោយលោកស្រី ទុយ សូលីដា
MC៖ អាជ្ញាធរខេត្តឧត្តរមានជ័យបានអះអាងថាស្ថានភាពទឹកជំនន់នៅអាងទឹកតាម៉ុកមិនអាចឈានដល់​កម្ពស់ទឹកឡើង​ប្រកាស​អាសន្ននោះទេ ខណៈមានការចុះអន្តរាគមន៍បានទាន់ពេលវេលា។

លោក ញើន គួន ប្រធានមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក កាលពីវេលាម៉ោង ៦:២០នាទីព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានកម្ពស់ក្នុងអាងឡើងដល់ ៣,៩០ម៉ែត្រ ប៉ុន្តែមកដល់ វេលាម៉ោង១១ ថ្ងៃត្រង់នៅថ្ងៃដដែល ទឹកបានស្រកបាន ២សង់ទីម៉ែត្រ ។ លោកបន្តថា ខាងមន្ទីរ និងអាជ្ញាធរដែនដី បានត្រៀមគ្រឿងចក្រ ចាំចុះអន្តរាគមន៍ ចំពោះពពួកវារីរុក្ខជាតិ និងគល់ឈើដែលហូរធ្លាក់មកពីខាងលើបានមកកល បិទនឹងរុន្ធស្ពាន រុន្ធទ្វារទឹក ដើម្បីអោយចរន្តទឹកហូរបានលឿនទៅផ្នែកខាងក្រោមអោយ ដោយស្ថានភាពទឹកនេះមិនមានផលប៉ះពាល់អ្វីនោះទេ ។

សំឡេង៖ មកទល់ពេលនឹងម៉ោងនេះ គឺមិនមានភ្លៀងធ្លាក់នោះទេ ខ្ញុំគិតថាល្ងាចនេះ ទឹកនឹងអាចស្រកបាន៣សង់ទីម៉ែត្រទៀត អញ្ជឹងវាមិនមានអ្វីបង្កផលប៉ះពាល់ដល់ លំនៅដ្ឋាននិងផលដំណាំរបស់ប្រជាពលរដ្ឋទេ គឺយើងមានមន្រ្តីជំនាញរបស់មន្ទីរធនធានទឹក និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យជាប្រចាំនៅអាងទឹកតាម៉ុកតែម្ដង ។
លោកប្រធានបន្ថែមថា មន្រ្តីជំនាញបានបើកទ្វារទឹកអស់រយៈពេល៧ខែមកហើយ ដើម្បីអោយទឹកហូរទៅ ខាងសៀមរាប និងបន្ទាយមានជ័យ ដោយបច្ចុប្បន្ន ខាងមន្ទីរធនធានទឹក កំពុងប្រមូលទឹកដែលធ្លាក់ពី អាងទឹកតាម៉ុក គឺជាជំនោរទឹកភ្លៀងថ្មី ដោយបានបង្ហូរយកទៅរក្សាទុក នៅអាងទឹកស្ទឹងត្រែងទី១ និងអាងទឹកស្ទឹងត្រែងទី២ដើម្បីទប់ទឹកក្នុងការជួយស្រោចផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋនៅពេលខ្វះខាតទឹក ។
សូមបញ្ជាក់ថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៦:២០នាទីព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង កម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនិងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កើនឡើង ០,០៧ម៉ែត្រ ដោយកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន៤,២០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង