ក្រសួងសុខាភិបាលច្រានចោលចំពោះព័ត៌មានដែលផ្សព្វផ្សាយថា មានករណីឆ្លងកូវីដ-១៩ចូលសហគមន៍

198

ដោយ លោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ ក្រសួងសុខាភិបាលច្រានចោលចំពោះព័ត៌មានដែលផ្សព្វផ្សាយថា មានស្រ្កីខ្មែរម្នាក់ដែលរកឃើញមានករណីកូវីដ-១៩មិនបានធ្វើចត្តាឡីស័កត្រឹមត្រូវនាំឱ្យឆ្លងចូលសហគមន៍ ខណៈស្រ្តី រូបនោះបានអនុវត្តត្រឹមត្រូវតាមការណែនាំ​របស់ក្រសួង​សុខាភិបាលដោយមិនបានចេញទៅណាក្រៅពីផ្ទះឡើយ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមការសាកសួរ​ផ្ទាល់របស់​មន្ត្រីជំនាញសុខាភិបាលជាមួយស្ត្រីអាយុ ២៧ឆ្នាំមានឆ្លងកូវីដ-១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត​កណ្តាល លទ្ធផលបង្ហាញថា នៅមុនពេលស្ត្រីរូបនេះមិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩គឺគាត់ពុំបានដើរទៅទីណានោះទេ ដោយសម្រាកនៅតែក្នុងផ្ទះប៉ុណ្ណោះ។ នៅក្នុងផ្ទះនោះ មានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ប៉ុន្តែនាងមិនបាន​ប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយគ្នានោះឡើយ។

ការបំភ្លឺរបស់ក្រសួងសុខាភិបាលបានធ្វើឡើងក្រោយពេលដែលមានការផ្សព្វផ្សាយព័ត៌មានមិនពិតទៅលើស្រ្តីកងទ័ពមួកខៀវដែលឆ្លងជំងឺកូវីដ១៩ថា ពុំបានធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ត្រឹមត្រូវ ធ្វើឱ្យកើតជាក្តីបារម្ភដល់មហាជនភ័យខ្លាចជំងឺ​នេះឆ្លងចូលសហគមន៍។

លោកជំទាវបានអៈអាងថា ស្រ្តីរូបនេះគឺបានធ្វើចត្តាឡីស័កត្រឹមត្រូវនៅក្នុងផ្ទះហើយ បច្ចុប្បន្នដោយក្តីបារម្ភខ្លាចមាន​ការឆ្លងទៅក្រុមគ្រួសារ និងសាច់ញាតិស្នាក់នៅក្រោមដំបូលផ្ទះជាមួយគ្នានេះ មនុស្សជាសាច់ញាតិប្រមាណ ១៣នាក់ ត្រូវបានយកទៅពិនិត្យសុខភាពរកជំងឺកូវីដ១៩ តែពួកគាត់មិនឃើញមានមេរោគកូវីដ-១៩នោះឡើយ។

ទោះបីមិនទាន់ឃើញមានជំងឺកូវីដ១៩ក៏ដោយចុះ សាច់ញាតិទាំង១៣នាក់ ក៏ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័ក​បន្តនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត២។

សំឡេង៖ «នៅពេលដែលយើងរកឃើញ៤នាក់ យើងតម្រូវឲ្យពួកគាត់បន្ត ធ្វើចត្តាឡីស័កទៀត ដោយសារតែយើងគិតថាអ្នកនៅក្នុងក្រុមហ្នឹង ប្រាកដជាមានអ្នកឆ្លងបន្តទៀតពី៤នាក់ហ្នឹង។ ចឹងហើយបានជាមានអ្នកខ្លះឆ្ងល់ ហេតុអីត្រូវឲ្យគាត់ធ្វើបន្តទៀត ដែលនេះគឺជាវិធានរបស់ក្រសួងសុខាភិបាលច្បាស់ណាស់ថា កាលណាមានអ្នកដែលមានវិជ្ជមាន គឺចាំបាច់ក្រុមហ្នឹងត្រូវតែធ្វើចត្តាឡីស័កបន្តទៀត»។

សូមបញ្ជាក់ថា ស្ត្រីអាយុ ២៧ឆ្នាំដែលមានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាបុគ្គលមួយក្នុងចំណោមក្រុមមួកខៀវនៃអង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ដែលមានសមាជិកក្រុមចំនួន៨០នាក់ ។

លោកជំទាវបានបញ្ជាក់ថា ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវ ក្នុងខេត្តកំពង់ស្ពឺអស់ជាច្រើនថ្ងៃទៅហើយ ដោយរកមិនឃើញជំងឺកូវីដ១៩នោះឡើយ ទើបអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនក្នុងក្រុងតាខ្មៅ។

លោកជំទាវបញ្ជាក់ទៀតថា ទោះបីរកមិនឃើញមេរោគក៏ដោយទាហានមួកខៀវកម្ពុជាទាំង ៨០នាក់ត្រូវបានដាក់ឱ្យធ្វើចត្តា​ឡីស័កនៅ​កន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវខេត្តកំពង់ស្ពឺរយៈពេល ១៤ថ្ងៃផងដែរ។ លុះដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនោះ កងកម្លាំងមួកខៀវ ៤នាក់ បានរកឃើញជំងឺកូវីដ១៩ ដូច្នេះកងម្លាំងមួកខៀវ ៧៦នាក់ទៀត ដែលរកមិនទាន់ឃើញ ក៏ត្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។

លុះដល់ទី០៨ ខែសីហាក៏ស្រាប់តែមានអាការក្តៅខ្លួនខ្លាំង និងមានហៀរសំបោទើបទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនៈម្តងទៀត ហើយលទ្ធផលវិជ្ជមាន។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនៈក្រុងតាខ្មៅ ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង