រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលខេត្តកំពង់ឆ្នាំងនៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

53

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

កំពង់ឆ្នាំង៖រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលក្នុងខេត្តកំពង់ឆ្នាំង នៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដោយសារតំបន់អេកូទេសចរណ៍មួយនេះ មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំសំរាប់មុជកម្សាន្តត្រជាក់ជាប់ចិត្ត ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា សំរាប់ថ្ងៃចុងសប្តាហ៍តំបន់អេកូទេសចរណ៍មួយនេះ មានភ្ញៀវមកលេងកម្សាន្តប្រមាណជាង១ពាន់នាក់ ដោយសារសេវាលក់ចំណីអាហារមានតម្លៃសមរម្យ មានកញ្ចុះអង្គុយលេងតាមមាត់ជ្រោះជាង៧០កន្លែង មានបង្គន់អនាម័យត្រឹមត្រូវ ជាពិសេសមានប្រជាការពារសំរាប់រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ។
លោកបន្តថា ទោះបីជាផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានធម្មជាតិថ្មក្រាល មានការលំបាកដោយអន្លើៗ និងមិនទាន់មានការអភិវឌ្ឍខ្លាំងក៏ពិតមែន ប៉ុន្តែនៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែមិនចេះដាច់ឡើយ ។
សំឡេង ៖« ទឹកធ្លាក់ថ្មក្រាលនេះមានការទាក់ទាញខ្លាំងជាងគេ គឺទី១ ផ្លូវល្អផ្លូវស្រួលអាចទៅបានបើទោះបីជាកន្លែងខ្លះមិនទាន់ស្រួល១០០ ភាគរយក៏ដោយ តែអាចនិយាយបានថាល្អ ទី២ ទំហំនៃការទទួលភ្ញៀវគឺអាចដល់រាប់ម៉ឺននាក់ ហើយទី៣នោះគឺកម្លាំងហូររបស់ទឹកគឺមានលក្ខណៈខ្សោយល្មម ហើយនិងរែកអាចងាយស្រួលក្នុងការលេងកំសាន្ត »។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលមកលេងកំសាន្ត ចូលរួមរក្សាអនាម័យចោលសំរាមក្នុងធុង ពេលមុជកម្សាន្តក្នុងទឹកជ្រោះសូមប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ ជាពិសេសចូលរួមពាក់ម៉ាសទាំងអស់គ្នាដើម្បីការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។
សូមបញ្ចាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ៥៧គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង