អាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​ និងអង្គការភ្លែនអន្តរជាតិអប់រំពលរដ្ឋពីវិធានការពារជំងឺកូវីដ-១៩

69

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង

ភ្នំពេញ៖ អាជ្ញាធរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាបានរៀប​​ចំយន្ត​​ការបង្ការ​ជំងឺកូវីដ១៩តាមរយៈការផ្តល់សម្ភារៈប្រើប្រាស់ដល់ប្រជាពលរដ្ឋឲ្យ​​បង្កើនការអនុវត្ត​​ពីរបៀបធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសចែកសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងលោកសំប៊ុនធិន អភិបាលរងស្រុកនេះ​​បានបញ្ជាក់ថា នេះជាការរួមចំណែកជាមួយ នៃវិធានការរបស់រាជរដ្ឋាភិវបាលក្នុងការការពារជំងឺកូវីដ១៩តាមមូលដ្ឋាន។

លោកបន្តថានៅពេលទទួលបានសម្ភារនេះទៅសូមប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមការណែនាំរបស់មន្ត្រីជំនាញដើម្បីលើកកម្ពស់អនាម័យនិងថែរក្សាសុខភាព គ្រួសារនីមួយៗ។

លោកផែនប៊ុនភឿនប្រធានតំបន់អង្គការភ្លែនកម្ពុជាប្រចាំខេត្តស្ទឹងបានទទួលស្គាល់ថាការផ្តល់សម្ភារទំាងនេះជាយន្តការមួយដែលអង្គការភ្លែនចង់បាន ព្រោះបច្ចុប្បន្នអង្គការដៃគូជាច្រើន រួមជាមួយមន្ត្រីសុខាភិបាល បានផ្តល់សារ​​អប់រំមកដល់សហគមន៍ ដើម្បី ជំរុញឱ្យគ្រួសារនីមួយៗ មានភាពទទួលខុសត្រូវចំពោះខ្លួន និងក្រុមគ្រួសារ។

លោកបន្តថាក្រុមការងាររបស់អង្គការភ្លែន នឹងប្រឹងប្រែងប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះឲ្យក្លាយទៅ​​ជារយៈ​ពេលមួយ សម្រាប់គ្រួសារប្រជាពលរដ្ឋ នីមួយៗនៅតាមមូលដ្ឋាន និងសហគមន៍បានយល់ដឹងច្បាប់​ពីវិធីសាស្រ្តបង្ការ​ជំងឺកូវីដ១៩តាមរយៈការឧបត្ថមសម្ភារអនាម័យនេះ។

លោកស្រី តីថន ប្រជាពលរដ្ឋនៅភូមិ ខិស្វាយ បានគាំទ្រចំពោះការដាស់តឿននេះ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ទាំងបងប្អូនជនជាតិក្តី បាន យល់ដឹងច្រើនពីវិធីការពារខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាបានបើកយុទ្ធនាការចែកសម្ភារអនាម័យជូនប្រជាពលរដ្ឋ​នៅតាមដំបន់គោលដៅក្នុងខេត្តស្ទឹងត្រែងចំនួនជាង២០០០គ្រួសារដើម្បីចូលរួមជាមួយ​រាជរដ្ឋាភិបាលក្នុងការការពារជំងឺកូវីដ១៩កុំឱ្យកើតមានដល់សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង