សម្ដេចតេជោដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ពីថ្ងៃទី១០-ខែកញ្ញានៅប្រទេសចិន

40

វិទ្យុជាតិកិម្ពុជា៖ អត្ថបទលោកស្រីផន វាសនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់  ខ្ពស់ទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាន នីង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនាថ្ងៃទី០៧ ខែកញ្ញានេះ។ប្រភពដដែល បន្តថា  សម្តេចតេជោ នឹងត្រូវអមដំណើរដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។  ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដែលនឹងប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្ត សហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ច សហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់ តែប្រសើរឡើង។     

ក្នុងឱកាសនោះ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោល បំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។  

  ក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោ និងឯកឧត្តម ហាន់ ចឹង ឧបនាយក រដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទ ស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។      អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ នឹងជួបពិភាក្សាដាច់ ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួល ជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែក ធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទ សម្ភាសដល់ សារព័ត៌ មានចិន ផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង ១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង