រដ្ឋបាលរាជធានីភ្នំពេញ ដាក់បង្គោលភ្លើងព្រែក តាមបណ្ដោយមហាវិថីកម្ពុជាក្រោម សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់

51

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីជុំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ដើម្បីកាត់បន្ថយ ការកកស្ទះនិងគ្រោះថ្នាក់ចរាចរ ពិសេសលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រងនៅក្នុងពេលរាត្រីផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ស្តុប បីអែស ឬមហាវិថីព្រះមុនីវង្សប្រវែង៣៣០០ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌ៧មករា ដោយបង្កប់បំពង់ជ័រដាក់ខ្សែភ្លើងដំឡើងបង្គោលភ្លើងបំភ្លឺព្រែកជា២នៅកណ្ដាលផ្លូវ និងដកបង្គោលភ្លើងអមសងខាងផ្លូវចេញវិញ ។

មន្ត្រីដដែលបន្តថា   ការដកបង្គោលភ្លើងអមសងខាងផ្លូវចេញ ហើយជំនួសដោយបង្គោលភ្លើងព្រែកជា២នៅកណ្តាលទ្រូវផ្លូវនេះក៏ព្រោះតែបង្គោលភ្លើងអមសងខាងផ្លូវ មានខ្សែភ្លើងកាត់ទទឹងផ្លូវច្រើន ដូច្នេះហើយទើបមន្ទីរសាធារណការ បានសម្រេចរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស ដោយបង្កប់ដាក់បំពង់ជ័រ ដើម្បីរត់ខ្សែភ្លើង និងតំឡើងបង្គោលភ្លើងនៅកណ្ដាលផ្លូវ តាមរបាំងពុះចែកទ្រូងផ្លូវវិញតែម្ដង។

មន្ត្រីដដែរបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទាំងកត្តាផ្លូវថ្នល់ និងការឆ្លងចរន្តអគ្គិសនីជាដើម ដោយបានចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងដាក់បង្គោលភ្លើងឲ្យបានត្រឹមត្រូវ ងាយស្រួលដល់អ្នកបើកបរនៅពេលយប់ និងដើម្បីសោរភ័ណភាពក្នុងរាជធានីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង