សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមពិព័រណ៍ចិនអាស៊ាន រយៈពេល៣ថ្ងៃ

43

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហាេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ដើម្បីចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជាជាប្រទេសកិត្តិយស។

អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ​ និងស្និទ្ឋស្នាលបំផុតពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរួមទាំង លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជាជាច្រើនរូបទៀតផង។

ដោយឡែក នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបជាមួយក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញក្រៅប្រទេសជាលើកដំ បូង ក្រោយរាជរដ្ឋាភិបាលថ្មីបង្កើតបានតែ៤ថ្ងៃប៉ុណ្ណោះ ដើម្បីទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

ការតាំងពិព័រណ៍ចិន-អាស៊ាន ដែលតែងតែធ្វើឡើងជារៀងរាល់មួយឆ្នាំម្តងនេះ ចាប់ផ្តើមពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងដំណើរចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនលើកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានអមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឯ.ឧ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯ.ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ពិព័រណ៍ចិន-អាស៊ាន តែងតែធ្វើឡើងជាទៀងទាត់ក្នុងមួយឆ្នាំម្តង ដែលមកដល់ពេលនេះមានរយៈពេល ១៥ឆ្នាំមកហើយ។ នៅបិរវេណមជ្ឈមណ្ឌលពិព័រណ៍នេះ មានស្តង់រាប់រយ និងទំនិញរាប់ពាន់មុខមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសចិនផង ត្រូវបានដាក់តាំងបង្ហាញនៅក្នុងឱកាសរៀបចំពិព័រណ៍នេះ។

បើតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ នឹងត្រូវប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង