ប្រជាពលរដ្ឋកម្ពុជាសោកស្តាយចំពោះការបាត់បង់លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

62

វិទ្យុជាតិកម្ពុជា៖   អត្ថបទដោយលោកចេម ហួត

 ភ្នំពេញ៖ប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជាសម្តែងការសោកស្តាយចំពោះការបាត់ បង់លោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ខណៈលោកបានដឹកនាំ ព្យាបាលសង្គ្រោះជីវិតកុមារកម្ពុជារាប់​លាននាក់​ដោយ​មិន​គិត​ថ្លៃ។

អ្នកស្រី ប៊ូសុភារៈជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពង់ឆ្នាំបានសម្តែងការសោកស្តាយ​យ៉ាងខ្លាំងចំពោះ​មរណៈភាព​របស់​លោកវេជ្ជបណ្ឌិតប៊ីត រិចឆ្នើព្រោះ លោកបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាដើម្បី​​ព្យាបាលកុមារកម្ពុជារាប់​​លាន​​នាក់​ដោយមិនគិតថ្លៃ។

សំភាសន៍៖« សោកស្តាយ…គាត់ជាមនុស្សល្អខ្លាំងដែលបានជួយប្រជាពលរដ្ឋខ្មែរយើង»

ដូចគ្នានេះដែរលោកស្រី ហេង សាវរីយ៍ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាលមានការរន្ធត់ចិត្តចំពោះដំណឹងម​​រណភាពរបស់​អ្នកមានគុណដែលជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់នេះកន្លងមក  ៖«សោកស្តាយខ្លាំង….សូមឲ្យគាត់ទៅឲ្យបានសុខគតិភព»

  លោកបណ្ឌិតគិនភាមន្ត្រីជាន់ខ្ពស់រាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ប្រជាជនខ្មែរស្ទើរតែទាំងអស់សុទ្ធបានស្តាយ​​ស្រណោះអាឡោះអាល័យចំពោះលោករិចឆ្នើ ហើយបាន

ប្រសិទ្ធនាមថាជាគ្រូពេទ្យទេវតា ជាវីរៈបុរសខ្មែ ព្រោះលោកបានធ្វើអំពីល្អ និងលះបង់ខ្ពស់ ដើម្បីបុព្វហេតុកុមារខ្មែរ​​រាប់​លាននាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ជា បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richnerជាស្ថាប​និក​មន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណៈភាពហើយដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស្វីស នៅម៉ោង២និង៤៥នាទីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៦។ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner

លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ដែលជាឈ្មោះសម្រាប់​​ហៅពេលដែល​​លោកប្រគំឧបករណ៍ Cello រៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរ​ពេទ្យគន្ធបុប្ជា​ដែលបាន​ជួយកុមារ​​កម្ពុជា​រាប់​លានមកហើយ។

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោក Beat Richner ត្រូវបានកាកបាទក្រហម​នៃប្រទេសស្វីស បញ្ជូនមកបំពេញបេសកកម្មសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលខ្មែរក្រហមបានឡើងកាន់អំណាច ហើយលោកត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា។នៅក្នុងឆ្នាំ១៩៩១ លោកBeat Richner ត្រូវបានស្នើមកជួយដឹកនាំមន្ទីរគន្ធបុប្ជារហូតដល់លោកអាចពង្រីកមន្ទីរពេទ្យបានដល់៥កន្លែងក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាក្នុងពេលបច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។  គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅ​ប្រទេស​ស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់​​រដ្ឋាភិបាល​ស្វីស គឺរដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ ក្រៅពីនោះ​​ជាការចូល​រួមរបស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង