សម្ដេចក្រឡាហោម ស ខេង ប្រកាសថា គណបក្សណាដែលចង់ផ្លាស់ប្ដូរប្រធាន ត្រូវតែធ្វើសមាជ ឬមហាសន្និបាត មិនមែនផ្ញើត្រឹមលិខិតមកក្រសួងមហាផ្ទៃនោះទេ

250

វិទ្យុជាតិកម្ពុជា ដោយ លោកស្រី ផន វាសនា៖

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានប្រកាសថា ចំពោះគណបក្សណាដែលចង់ផ្លាស់ប្ដូរប្រធាន ត្រូវតែធ្វើសមាជ ឬមហាសន្និបាត ដើម្បីស្របទៅច្បាប់ដែលបានកំណត់ មិនមែនផ្ញើត្រឹមលិខិតមកក្រសួងមហាផ្ទៃតែមួយមុខនោះទេ។ សម្តេចក្រឡាហោម បានប្រកាសបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និង បំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ខណៈដែលមានបក្សនយោបាយមួយបានផ្ញើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីចង់ផ្លាស់ប្តូរប្រធានបក្សរបស់ខ្លួន ហើយក៏បានធ្វើឲ្យសមាជិកមួយចំនួននៅក្នុងបក្សមិនសុខចិត្ត បានឲ្យក្រសួងមហាផ្ទៃជួយអន្តរាគមន៍។សម្តេចក្រឡាហោម បន្តថា ប្រសិនបើគណបក្សមួយមិនបានធ្វើសមាជ ឬមហាសន្និបាត ដើម្បីបោះឆ្នោតផ្លាស់ប្ដូរប្រធានគណបក្សថ្មីនោះទេ គេមិនមែនហៅថាផ្លាស់ប្ដូរស្របតាមផ្លូវច្បាប់ឡើយ ពោលគឺជា ការធ្វើបក្សប្រហារ។សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យថ្នាក់ដឹកនាំក្រសួង ត្រូវពង្រឹងការងារគ្រប់គ្រងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងពង្រឹងការតាមដានការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន និងលក្ខន្តិកៈ។

អត្ថបទដែលជាប់ទាក់ទង