ក្រសួងអប់រំបង្កើតគណៈកម្មការកោសល្យវិច្ច័យដើម្បីដោះស្រាយពាក្យបណ្តឹងតវ៉ារបស់សិស្សប្រឡងបាក់ឌុប

21

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី និងលោក ចន ណារិទ្ទ៖

ក្រសួងអប់រំយុវជននិងកីឡាបានបង្កើតគណៈកម្មការកោសល្យវិច្ច័យមួយដើម្បីដោះស្រាយពាក្យ បណ្តឹងតវ៉ា របស់សិស្សប្រលងបាក់ឌុបឆ្នាំ២០១៨នេះសំដៅធ្វើយ៉ាងណាឲ្យពួកគេអាចទទួលយកលទ្ធផលប្រឡងបានទាំងអស់គ្នា។

លោកឌីខាំបូលីអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា គណៈកម្មការកោសល្យវិច្ច័យនេះមានឯ.ឧ ហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំធ្វើ ជាប្រធាននិងមានតួនាទីទទួលនិងដោះស្រាយរាល់ពាក្យបណ្តឹងរបស់សិស្សដែលមិនសុខចិត្តចំពោះលទ្ធផលប្រឡងឆ្នាំ២០១៨នេះ ដោយឈរលើគោលការណ៍ ច្បាប់ តម្លាភាពនិងអាចទទួលយកបាន។ ការបង្កើតគណៈកម្មការកោសល្យវិច្ច័យនេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់សិស្សប្រឡងបាក់ឌុបមួយចំនួនទៅលើលទ្ធផលប្រឡងពិសេសទាក់ទងទៅនឹងមុខវិជ្ជាមួយចំនួនដូចជាគណិតវិទ្យាឬគីមីវិទ្យាជាដើម។

លោក បានបន្តថាចាប់តាំងពីថ្ងៃទី១០រហូតមកដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នេះ ក្រសួងបានទទួលពាក្យបណ្តឹងពីសិស្សនៅទូទាំងប្រទេសចំនួន៥០០បណ្តឹងក្នុងនោះបណ្តឹងទាក់ទង នឹងមុខ វិជ្ជាគណិតវិទ្យាមានច្រើនជាងគេ បន្ទាប់មកមានបណ្តឹងមុខវិជ្ជាគីមីវិទ្យា អក្សរសាស្ត្រខ្មែរនិងមុខវិជ្ជាជីវវិទ្យា។

លោកឌីខាំបូលីបានជំរុញឲ្យសិស្សដែលមិនសុខចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំនេះត្រូវរៀបចំពាក្យបណ្តឹងឲ្យបានត្រឹមត្រូវ ដូចជាបញ្ជាក់អត្តសញ្ញាណ ឈ្មោះ មណ្ឌលប្រឡងនិងភា្ជប់ជាមួយកម្មវត្ថុនៃការប្តឹងឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលឲ្យគណៈកម្មការកោសល្យវិច្ច័យដោះស្រាយបានលឿន ព្រោះថាតាមច្បាប់ក្រសួងទុកពេលឲ្យសិស្សប្តឹងតវ៉ាចំពោះលទ្ធផលប្រឡងរយៈពេល១ខែ បន្ទាប់ពីប្រកាសលទ្ធផលប្រឡងជាផ្លូវការ។ លោកបានបញ្ជាក់ថាការប្តឹងតវ៉ារបស់សិស្សចំពោះលទ្ធផលប្រឡងនេះមិនមែនជាលើកទី១នោះទេគឺមានយូរ ហើយ គ្រាន់តែនៅឆ្នាំនេះមានបណ្តឹងតវ៉ាច្រើនជាងឆ្នាំមុនៗ ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង