អាជ្ញាធរភ្នំពេញមិនអនុញ្ញាតឲ្យសង់រោងការ និងរោងបុណ្យបិទផ្លូវទេ ស្នើឲ្យគ្រប់ខណ្ឌធ្វើការត្រួតពិនិត្យ និងទទួលខុសត្រូវនៅក្នុងមូលដ្ឋានរបស់ខ្លួន

53

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២កញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំនិងជំរុញឲ្យអាជ្ញាធរគ្រប់ខណ្ឌត្រូវចាត់មន្ត្រីចុះត្រួតពិនិត្យរាល់ការសុំច្បាប់ និងសាងសង់រោងបុណ្យឬរោងការណាដែលបិទផ្លូវទាំងស្រុង គឺមិនអនុញ្ញាតឡើយ និងត្រូវជម្រុញឲ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរមូលដ្ឋានគ្រប់ខណ្ឌ សង្កាត់ និងកំលាំងមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យឲ្យបានជាប្រចាំចំពោះការសាងសង់រោងបុណ្យ,រោងការ ធ្វើឲ្យមានការកកស្ទះចរាចរ ដែលប្រជាពលរដ្ឋថ្នាំងថ្នាក់នាពេលកន្លងមកនោះ គួរម្ចាស់រោងបុណ្យ ឬរោងការ រកទីតាំង ណាដែលសមស្រប មិនប៉ះពាល់ផ្លូវសាធារណៈដូចជា ទីអារាម តាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។

ឯកឧត្តម បន្តថា អាជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ត្រូវបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀត លើការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យសក្ត័សមទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យ។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា មានការងារជាច្រើនទៀតកំពុងរងចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរ,បន្តឆែកឆេរអាវុធជាតិផ្ទុះ ការងារត្រួតពិនិត្យ កន្លែងសប្បាយភាព,ក្លិបកំសាន្ត,ក្លិបរាត្រីផ្សេងៗដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសបាន១កំរិតធំដែរ។

ចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងវិថីសំខាន់ៗជាអាទិភាពទាំង១១ខ្សែដែលបានអនុវត្តរយះពេល១ឆ្នាំកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ អាចវាយតំលៃបានថា ធ្វើបានល្អនិងកំពុងដើរលើផ្លូវ ត្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវបន្តការងារទៅមុខទៀតឲ្យបានគ្រប់ផ្លូវ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់បន្ទាប់នេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំ សណ្តាប់ធ្នាប់ និងបរិស្ថាននៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ឲ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ ជាពិសេសសម្រួលកាត់បន្ថយការកកស្ទះចរាចរឲ្យបានល្អ ក្នុងរយៈពេល១០ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង