អាជ្ញាធរជាតិព្រះវិហារនឹងជួសជុលផ្នែកមួយចំនួននៅប្រាសាទព្រះវិហារ                                          នាដើមខែតុលាខាងមុខនេះ

34

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយកញ្ញាទុយសូលីដា

ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ មានផែនការជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ  នៅដើមខែតុលាខាងមុខនេះ ដើម្បីការពារនិងអភិរក្សប្រាសាទកុំអោយទ្រុឌទ្រោមបន្តទៀត។

  ឯកឧត្ដម  គង់ ពុទ្ធិការ  អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិថា នៅផ្នែកជណ្ដើរបុរាណខាងជើងមានលក្ខណៈបាក់ស្រុតខ្លំាង ដោយសារទទួលរងការហូរជ្រោះ​​ទឹកកាត់ពីលើ​​រាប់ពាន់ឆ្នាំមកហើយនោះ។

ឯឧ.បញ្ជាក់ថា ចំពោះការងារស្ដារជណ្ដើរនេះ ខាងអាជ្ញាធរជាតិបានស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិច នៅដើមឆ្នាំ២០១៨ហើយទទួលបានការឯកភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិច និងបានមូលនិធិជំហានដំបូង ក្នុងការជួសជុលនេះ។

សម្លេង៖ យើងបានទទួលបានមូលនិធិកពីសហរដ្ឋអាមេរិចនិងគឺយើងអាចចាប់ផ្ដើមពីខែ១០នេះទៅហើយ ចឹងខែ១០យើងធ្វើការជួសជុលមុនសម្រាប់ជណ្ដើរបុរាណខាងជើង ហើយសម្រាប់ការជួសជុលគោលបូរៈទាំង៥នេះ គឺយើងរងចាំតែលទ្ធិផលពីក្រុមការងារបច្ចេកររបស់ប្រទេសដែលជាដៃគូររបស់យើង ហើយយើងសង្ឃឹមថាអាចនឹងបានលទ្ធផលនៅក្នុងឆ្នាំ២០១៨នេះ ។

ឯកឧត្ដមបានបញ្ជាក់ថា  ការជួសជុលប្រាសាទព្រះវិហារ គឺអាជ្ញាធរជាតិគោរពទៅតាមបទដ្ឋាន ស្តង់ដាររបស់គណៈកម្មការបេតិកភ័ណ្ឌពិភពលោក គឺត្រូវរក្សាបាននៅសភាពដើមពីបុរាណនៃតួរប្រាសាទ  ការជួសជុសនៅត្រង់កន្លែងដែលគ្រោះថ្នាក់ និងកន្លែងដែលមានបញ្ហាប៉ុណ្ណោះ ដើម្បីកុំអោយប្រាសាទកាន់តែបាក់បែកដួលរលំបន្តទៀត។ជាមួយគ្នានេះដែល កម្ពុជានឹងបន្តសហការជាមួយបណ្តាប្រទេសជាដៃគូមួយចំនួនទៀត ក្នុងគំរោងជួសជុលប្រាសាទ​​ព្រះវិហារ​នៅគោល​បុរៈទាំង៥នៃប្រាសាទព្រះវិហារ ក្នុងនោះរួមមាន គោលបុរៈទី១.២.និងទី៣ គឺជួសជុលដោយអ្នកជំនាញការចិន គោលបុរៈ​ទី៤ គឺ ប្រទេសរុស្ស៊ីនិងគោលបុរៈទី៥ គឺភាគីប្រទេសឥណ្ឌា។

សូមបញ្ជាក់ថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)ហើយបានចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៧ ខែ កក្ដដា ឆ្នាំ២០០៨ ៕

អត្ថបទដែលជាប់ទាក់ទង