រដ្ឋសភា នឹងប្រកាសសុពលភាពបេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូបនៅសប្តាហ៍ក្រោយនេះ

49

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូបរបស់គណបក្សដឹកនាំរាជរដ្ឋាភិបាល នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពនៅសប្តាហ៍ក្រោយនេះ ដើម្បីឱ្យចូលជំនួសបេក្ខជនតំណាងរាស្ត្រ ដែលត្រូវបានលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលវិញ។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ឱ្យដឹងថា បញ្ជីបេក្ខជនតំណាងរាស្ត្រថ្មីទាំង៣៨រូប ត្រូវបានបញ្ជូនដល់រដ្ឋសភាហើយ ដោយរដ្ឋសភាគ្រោងប្រជុំដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មីទាំងនេះនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ មុនរៀបចំឱ្យចូលស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំងតាមនីតិវិធីច្បាប់ដែលមានចែង។

ការគ្រោងផ្តល់សុពលភាពដល់សមាជិករដ្ឋសភាថ្មីទាំងនេះ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចទទួលស្គាល់រួចរាល់តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា មុនបញ្ជូនបញ្ជីឈ្មោះទៅកាន់រដ្ឋសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវបានទទួលស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៤រូប មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប៕

អត្ថបទដែលជាប់ទាក់ទង