ប្រមុខរដ្ឋស្តីទីលើកទឹកចិត្តដល់យុវជនកម្ពុជាខិតខំដកស្រង់បទពិសោធចំណេះដឹងថ្មីៗពីប្រទេសជប៉ុន និងប្រទេសអាស៊ាន៩ផ្សេងទៀត

141

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

          ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកទឹកចិត្តដល់យុវជនកម្ពុជាខិតខំដកស្រង់បទ​ពិសោធ​ចំណេះ​​​ដឹងថ្មីៗ​ពីប្រទេសជប៉ុន និងប្រទេសអាស៊ាន៩ផ្សេងទៀតដើម្បីយកមក​​អភិវឌ្ឍន៍ប្រទេសកម្ពុជា​​កាន់តែរីក​ចំរើន។

ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ នៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនា​​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗ​​ទាំងអស់ដែល​​ត្រូវ​​បានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីជាតំណាងរបស់​​យុវជន​​នៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ ឆ្នាំ២០១៨នេះ។

សម្តេចវិបុលសេនាភក្តីបញ្ជាក់ថា ក្នុងឱកាសដែលចូលរួមក្នុងនាវាយុវជនអាស៊ីអាគ្នាយ៍នេះ ក្មួយៗជា    យុវជនគំរូ​​របស់ប្រទេសកម្ពុជា និងមានភារកិច្ចច្រើន ក្នុងនោះត្រូវមានការផ្សព្វផ្សាយជូនមិត្តភ័ក្រនៃប្រទេសជប៉ុន និងយុវជន​អាស៊ី​អាគ្នេយ៍​​នៃប្រទេស៩ទៀត អំពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ហើយដកស្រង់បទពិសោធន៍ល្អៗ និងស្វែងយល់អំពីសភាពការណ៍នៃបណ្តាប្រទេសនីមួយៗ ដើម្បីយកមកពិចារណាច្នៃ    អនុវត្តឲ្យសមស្រប​​តាមសភាព​​ការណ៍របស់ប្រទេសយើងឲ្យមានប្រសិទ្ធភាព។

សម្តេចប្រមុខរដ្ឋស្តីទី បានលើកសរសើរ និងលើកទឹកចិត្តដល់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាសមាគមនា​​វាយុវជន​​អាស៊ីអាគ្នេយ៍កម្ពុជា ដែលបានខិតខំរៀបចំកម្មវិធីនេះឡើងតាំងពីឆ្នាំ២០០០មក ពោលគឺ១ឆ្នាំក្រោយ​​ពីកម្ពុជា​​បានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានពង្រីកនូវចំណេះដឹង​​របស់​ខ្លួន និងបានស្វែងយល់អំពីតួនាទីដ៏សំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិ​វឌ្ឍ​ សង្គមជាតិ ជាពិសេសផ្តល់នូវ​​ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមក្នុងសកម្មភាព​​របស់សង្គម ជាមួយយុវជននៃប្រទេសជប៉ុន និងយុវជនមកពីប្រទេសអាស៊ានទាំង៩ផ្សេងទៀត ។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាចូលជាសមាជិកអាស៊ានក្រោយគេ តែប្រទេសកម្ពុជាបាន​​ធ្វើការយ៉ាងសកម្មជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចគោលដៅរបស់អាស៊ាន “ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយ សមាគមន៍តែមួយ ” ។

 

សម្តេចប្រមុខរដ្ឋស្តីទី បានស្នើឲ្យក្មួយៗទាំងអស់ ត្រូវខិតខំថែរក្សាឲ្យបានល្អ នូវទំនាក់ទំនងមិត្តភាពទាំងផ្ទៃក្នុង​​ជួរយុវជន​​របស់ប្រទេសកម្ពុជា និងជាមួយនឹងយុវជននៃបណ្តាប្រទេសនីមួយៗ និងសូមឲ្យក្មួយ​ៗ​ថែរក្សាឲ្យបានល្អ ថ្លៃថ្នូរទាំងក្នុងទំនាក់ទំនង ក្នុងជីវភាពរស់នៅ  ក្នុងសាមគ្គីភាព ឯកភាពទាំងផ្ទៃក្នុងជួរយុវជនរបស់យើង និងយកចិត្តទុកដាក់ថែរក្សាសុខភាព មានទំនាក់ទំនងល្អជាមួយគ្នាធ្វើយ៉ាងណាឲ្យមានការរីកចម្រើនទាំងអស់គ្នា​​ដើម្បីនាំមកនូវកិត្តិយសជូនប្រទេសកម្ពុជា និងសូមជូនពរដល់ក្មួយៗទទួលបានជោគជ័យ ភាពសប្បាយរីករាយ ព្រមទាំងទទួលបាននូវអនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗត្រឡប់មកមាតុភូមិយើងវិញ។

លោក ស៊្រាង គឹមលី  ប្រធាន​សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​​ចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនា​វាយុវជនអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ។ លោកប្រធាន​សមាគម បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពី ប្រវត្តិ គោលបំណង និងសកម្មភាព ព្រមទាំងលទ្ធផលសំខាន់ៗ​​របស់សមាគម ដែលសម្រេចបាននាពេលកន្លងទៅ។

ជាមួយគ្នានេះដែរ លោក ណៃ សេមណារ័ត្ន  តំណាងប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៥ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា កម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លើកទី៤៥ មានរយៈពេល៥២ថ្ងៃ ដែលនឹងត្រូវចេញដំណើរពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានយុវជនអាស៊ាន និងជប៉ុន ទាំងអស់សរុបចំនួន ៣៣០នាក់ ជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជ​ប៉ុន ដើម្បីធ្វើការបើកកម្មវិធីជាផ្លូវការ។ ប្រតិភូយុវជនទាំងអស់នឹងត្រូវបន្តដំណើរទស្សនកិច្ចតាមនាវាមួយគ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀតគឺ ប្រទសប៊្រុយណេ ប្រទេសហ្វីលីពីន  ប្រទេសថៃ និងប្រទេសវៀតណាម ។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំ​ពិភាក្សា ការសម្តែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ៕

 

អត្ថបទដែលជាប់ទាក់ទង