សុពលភាពតំណាងរាស្ត្រថ្មី នឹងត្រូវផ្តល់នៅថ្ងៃពុធខានស្អែកនេះ

60

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

សុពលភាពតំណាងរាស្ត្រថ្មីចំនួន៣៨រូប នឹងត្រូវផ្តល់នៅថ្ងៃពុធខានស្អែកនេះ បន្ទាប់ពីបានឆ្លងយោបល់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានសម្រេចថា តំណាងរាស្ត្រថ្មីទាំង៣៨រូបនេះ នឹងត្រូវប្រកាសផ្តល់សុពលភាព ក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា លើកទី១ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រាប់អ្នកសារព័ត៌មានកិច្ចប្រជុំ។

ឯកឧត្តម បានបន្តថា ក្រោយពីផ្តល់សុពលភាពរួច តំណាងរាស្ត្រថ្មីទាំង៣៨រូបនេះ នឹងត្រូវឱ្យទៅចូលស្បថចូលកាន់តំងណែងនៅព្រះបរមរាជវាំងនៅរសៀលថ្ងៃដដែល។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១២ ខែកញ្ញា បានសម្រេច ទទួលស្គាល់បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ក្នុងចំណោមបេក្ខជនតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបម្រុងចំនួន៥០រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ក្រោយពីអ្នកទាំងនោះ បានដាក់ពាក្យលាលែងពីសមាជិកសភា ដើម្បីទៅកាន់តំណែងថ្មីក្នុងជួររាជរដ្ឋាភិបាលវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវបានទទួលស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៤រូប មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប៕

អត្ថបទដែលជាប់ទាក់ទង