ឡើងលើ​រូបសំណាក​សេរីភាព​នៅ​ញូវយ៉ក ​ក្រោយ​ការចាប់ខ្លួន​មនុស្ស​មួយចំនួន

32

សហរដ្ឋអាមេរិក ៖ មនុស្ស​ជាច្រើន​ដែល​បាន​ចង​ព្យួរ​បដា​មួយ​នៅ​ជើងទ្រ​រូបសំណាក​សេរីភាព​នៅ​ក្រុង​ញូវយ៉ក​ដែល​អំពាវនាវ​អោយ​រំលាយចោល​ទីភ្នាក់ងារ​អន្ត​វត្ត​ន៍​ច្បាប់​អន្តោប្រវេសន៍​​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​អាមេរិក​នោះ ត្រូវបាន​ចាប់​ឃាត់ខ្លួន​មុនពេល​មនុស្សម្នា​ក់បាន​វារ​ឡើងលើ​រូបសំណាក​សេរីភាព ជាហេតុ​បង្ខំ​អោយ​សមត្ថកិច្ច​ធ្វើការ​ជម្លៀស​​មនុស្ស​។​ ស្ត្រី​ដែល​ពាក់អាវ​ដាក់​អក្សរ​ថា​Rise and Resist(​ងើបឡើង​និង​តស៊ូ​ប្រឆាំង​)​បាន​វារ​ឡើង​បាត​រូបសំណាក​នេះ​កាលពី​ថ្ងៃ​៤​កក្កដា។

​រូបភាព​ថត​ពី​ឧទ្ធម្ភាគចក្រ​បង្ហាញ​អ្នក​​ឡើង​បាន​អង្គុយ​នៅក្រោម​រ៉ូ​ប​រូបសំណាក​កំពស់​៣០​ម៉ែត្រ​នេះ​អស់​ពេល​ជាង​២​ម៉ោង​។​ប៉ូលិស​ឈរ​នៅ​ជណ្តើរ​និង​គែម​រូបសំណាក​ខណៈ​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​​អោយ​អ្នក​ឡើង​រូបនេះ​ចុះមក​វិញ​។​ ភ្ញៀវ​ទស្សនា​តំបន់​នេះ​ក៏​ត្រូវបាន​ជម្លៀស​នៅមុន​ម៉ោង​បិទ​ទទួលភ្ញៀវ​នៅ​ម៉ោង​៦:១៥​ល្ងាច​។​ ​ស្ត្រី​រូបនេះ​បាន​វារ​ឡើង​ជើង​ក្រោម​នៃ​រូបសំណាក​សេរីភាព​អាមេរិក បន្ទាប់ពី​ការ​ការតវ៉ា​និង​បង្ហាញ​បដា​សរសេរថា​#AbolishICE​ដែល​ទាមទារ​អោយ​បិទ​ទីភ្នាក់ងារ​អន្តោ​​ប្រវេសន៍​និង​គយ​(ICE)​ដែលជា​អង្គភាព​មួយ​ក្រោម​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក ដោយសារតែ​ការអនុវត្តន៍​គោលនយោបាយ​បង្ក្រាប​លើ​ជនអន្តោប្រវេសន៍​គ្មាន​ត្រា​​ប្រណី​ពី​សំណាក់​រដ្ឋាភិបាល​ត្រាំ​។​

​មុន​នោះ​មានការ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​៦​នាក់​ដោយសារតែ​ការ​ត្រដាង​បដា​នេះ​។​ ​ទោះជា​ឧបទ្ទវហេតុ​ទាំងពីរ​នេះ​បាន​កើតឡើង​ដំណាលគ្នា ក៏​ក្រុម​សកម្មជន​Rise and Resist​ដែល​នៅ​ពីក្រោយ​បដា​បាន​សរសេរ​បង្ហោះ​ថា​អ្នក​ឡើង​រូបសំណាក​នេះ​​មិន​ពាក់ព័ន្ធ​នឹង​បាតុកម្ម​របស់ខ្លួន​និង​ក៏បាន​សម្តែង​ការបារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នក​ឡើង​រូប​នេះដែរ​។​ ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ញូវយ៉ក​នេះ​ប្រឆាំងនឹង​ការអនុវត្ត​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ និង​គាំទ្រ​អោយ​បញ្ចប់​ការចាប់​បញ្ជូន​ខ្លួន​​ព្រមទាំង​ការ​បំបែក​សមាជិកគ្រួសារ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​។​ ​ព័ត៌មាន​ចុងក្រោយ​បានអោយដឹងថា ស្ត្រី​ដែល​ឡើង​រូបសំណាក​នេះ​ត្រូវបាន​ប៉ូលិស​នាំ​ចុះមក​ក្រោម​វិញ ហើយតែត្រូវបានចាប់ឃាត់ ខ្លួននៅថ្ងៃពុធទី៤កក្កដា​៕

អត្ថបទដែលជាប់ទាក់ទង