សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនៃប៉េណាអនុប្រធានទី១ ព្រឹទ្ធសភា

90

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត និងលោក អ៊ូកាណែល៖

នៅព្រឹកថ្ងៃទី 2 ខែតុលាឆ្នាំ 2018 សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តមនៃប៉េណាអនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃ29 ខែតុលាឆ្នាំ 2018 វេលាម៉ោង១៣:០០ក្នុងជន្មាយុ៧៤ឆ្នាំដោយរោគគាពាធ។


តាងនាមរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី សូមសម្តែងនូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវមាឃ ឡាញ់ នៃ ប៉េណា ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។


នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់ឯកឧត្តមនៃប៉េណា ដែលមានខ្លឹមសារជាអាទិ៍ថា តាង នាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមនូវមរណទុក្ខប្រកបដោយក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តមនៃប៉េណាអនុប្រធានទី 1 ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អពិសេសនិងជាការបាត់បង់ឪពុកជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតព្រមទាំងការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិសាសនាព្រះមហាក្សត្រគ្រប់កាលៈទេសៈ។


សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម នៃប៉េណា សូមឆាប់បានយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង