វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេងគ្រី៖ នៅថ្ងៃដំបូងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបម្លាស់ទីផ្ទះបណ្ដែតទឹកអោយទៅកាន់ចំណុចដីគោកនៅកន្លែងបំរ៉ុងទុក ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានចំនួនជាង ១១៥ខ្នងផ្ទះ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការ ទាន់ពេលវេលា ខណៈទឹកទន្លេ កំពុងឡើងខ្ពស់ងាយស្រួលអូសផ្ទះទឹកបម្លាស់ទីឡើងលើគោក។
លោកស៊ុនសុវណ្ណរិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅថ្ងៃទី០១ ខែតុលា ដែលជាថ្ងៃដំបូង ក្រុមការងារបានអូសផ្ទះបម្លាស់ទីមានចំនួន៦គោលដៅ គឺមានស្រុកជលគិរី ស្រុកកំពង់ត្រឡាចនិងស្រុកបរិបូណ៌បានចំនួន១១៥ខ្នងផ្ទះ ។ក្នុងនោះក្រុងកំពង់ឆ្នាំងបាន៧ខ្នងផ្ទះ ឃុំតាជេសបានចំនួន២០ខ្នងផ្ទះ ,ភូមិព្រែករាំង២៥ខ្នងផ្ទះ, ស្រុកបរិបូណ៌ ១០ខ្នងផ្ទះ ,កំពង់ត្រឡាចបាន៤៤ខ្នងផ្ទះនិងស្រុកជលគីរីបានចំនួន៣ខ្នងផ្ទះ។ ការបន្លាស់ទីតាមគោលដៅនេះ គឺតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងថាៈ ពួកគេនៅកន្លែងណា សុំបម្លាស់ទី ឡើងគោកនៅជិតទីនោះ ។ប៉ុន្តែតាមផែនការ គឺពួកគាត់ត្រូវមកតាំងទៅកន្លែងតែមួយ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ចំណែកប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកនៅក្នុងខេត្ត សរុបមានចំនួន២៣៩៥គ្រួសារ ស្មើនិងចំនួន ១០.០៨៧នាក់ ។
លោក ស៊ុន សុវណ្ណារិទ្ធបន្តថា ក្រោយពីបន្លាស់ទីផ្ទះបណ្តែតទឹក អាជ្ញាធរខេត្ត នឹងរៀបចំច្រាំងទន្លេ អោយក្លាយជាតំបន់ទេសចរណ៍ ដូចជាការរៀបចំបែរចិញ្ចឹម ត្រី ធ្វើសួនផ្កាជាដើម ។ តាមការប៉ាន់ប្រមាណពីដំបូងមានចំនួនជាង៧០ហិកតាប៉ុន្តែក្នុងជំហានដំបូង មានត្រឹមតែប្រមា៣៥ ហិកតាប៉ុណ្ណោះ។ ចំណែកនៅក្នុងទីតាំងថ្មីនេះ អាជ្ញាធរខេត្តនឹងរៀបចំកសាងផ្លូវដាក់ប្រព័ន្ធលូបង្ហូរទឹក រៀបចំប្រព័ន្ធទឹកស្អាតដាក់ភ្លើងអគ្គិសនី និងមានសាលារៀន និងសាលាបុណ្យផងដែរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាដើម្បីអូសផ្ទះបណ្ដែតទឹកឲ្យទាន់ទឹកទន្លេនៅកំពុងឡើងខ្ពស់ងាយស្រួលក្នុងការអូសផ្ទះបណ្តែតទឹតាមគោលដៅ ។ ម៉្យាងទៀតបើយើងរុះរើផ្ទះទឹកក្នុងខែប្រាំងវិញ នឹងនាំអោយខូចខាត បាក់បែកនិងចំណាយថវិកាច្រើន ។
លោកអភិបាលរងខេត្ត ក៍បានសុំការយោគយល់អាធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋផងដែរ ព្រោះការបម្លាស់ទីទៅកន្លែងថ្មី អាចមានការយឺតយ៉ាវក្នុងតភ្ជាប់ចរន្តអគ្គីសនី និងប្រព័ន្ធទឹកស្អាតជាដើម ដោយសារពេលនេះទឹកទន្លេឡើងលិចទីតាំងដែលត្រូវមករស់នៅហើយ នៅពេលទឹកស្រក ទើបអាចតភ្ជាប់ចរន្តអគ្គីសនី និងប្រពន្ធ័ទឹកស្អាតបាន៕