ដំណោះស្រាយ​តាម​ផ្លូវ​ងងឹត ដែល​ព្រះសង្ឃ​ភូមា​និមន្ត​មក​រូងភ្នំ​ម្ដងទៀត

316

ប្រទេស​ថៃ ៖ ព្រះសង្ឃ​ភូមា​ដែល​កន្លង​មក បាន​ទាយ​ត្រូវ​រឿង​ក្មេង​ៗ​ជាប់​នៅ​ក្នុង​រូងភ្នំ​កាលពី​ពេល កន្លង​មក គឺ​បាន​និមន្ត​ទៅ​កាន់​កន្លែង​នោះ​ម្តងទៀត​ហើយ ដើម្បី​ធ្វើការ​បន់ស្រន់​ឱ្យ​ក្មេង​ៗ​ឆាប់​ចេញ​មក​វិញ​ដោយ​សុវត្ថិភាព (​នេះ​បើ​យោង​តាម​ប្រភព​ពី សារព័ត៌មាន បាងកក​ប៉ុស្តិ៍​)​។ ក្រោយ​ការ​រក​ឃើញ​ក្មេង​ៗ គ្រប់​គ្នា​មានការ​សប្បាយ​រីករាយ ហើយ​មិន​ត្រឹមតែ​គិតដល់​គុណ​របស់​អ្នក​ជួយ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ គេ​ក៏​បាន​អរគុណ​ដល់​ព្រះសង្ឃ​ភូមា ព្រះ​នាម Boonchum Yannasangwalo​ផង​ដែរ​។

ព្រះ​តេជគុណ គឺជា​សង្ឃ​តាំងសីល​ក្នុង​ព្រៃ ហើយ​គង់នៅ​វត្ត Phra That Don Ruang ក្នុង​ក្រុង​ពង្ស នៃ​រដ្ឋ​សាន​របស់​ភូមា​។ ដំណើរ​ត្រាច់ចរ​របស់​ព្រះ​តេជគុណ ធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេស​ភូមា និង​ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ​។ គេ​ហៅ​ព្រះ​តេជគុណ​ថា ជា «​សង្ឃ​នៃ​បី​ប្រទេស​»​។

នៅ​មុន​ពេល​ដែល​ព្រះ​តេជគុណ​និមន្ត​មក​កាន់​រូងភ្នំ ដើម្បី​ធ្វើ​ពិធី​ផ្លូវ​ងងឹត មាន​ស្ត្រី​ម្នាក់​ឈ្មោះ Nattanuch Prasertong ដែល​ជា​ម្ចាស់​ហាង​នៅ​ស្រុក Chiang Dao ខេត្ត Chiang Mai បាន​បង្ហោះ​សារ​ចូល​ទៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​សរសេរ​ថា នាង​បាន​សុបិន​ឃើញ​បារមី​មក​ប្រាប់​ឲ្យ​នាង​រក​ព្រះសង្ឃ​មក​កាន់​រូងភ្នំ ដើម្បី​រំដោះ​កម្ម​ដោះ​លែង​ក្មេង​ៗ​ចេញ​មក​បាន​។ ស្ត្រី​ដែល​ជា​ម្ចាស់​ហាង​ប្រាប់​ថា នាង​មិន​ចង់​ល្បី​អ្វី​នោះ​ទេ​។ ម្យ៉ាងទៀត នាង​ក៏​មិន​ជឿ​រឿង​ផ្លូវ​ងងឹត​បែប​នេះ​ដែរ ព្រោះតែ​នាង​កាល​មុន រស់នៅ​អា​មេ​រិ​ក​យូរណាស់​មក​ហើយ (​នាង​បង្ហោះ ព្រោះតែ​នាង​ចង់​ជួយ​ដល់​ក្មេង​ៗ)​។

នៅ​ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​កំពុងធ្វើការ​ស្វែងរក​ក្មេង​ៗ ព្រះ​តេជគុណ Boonchum បាន​និមន្ត​មក​ដល់​កន្លែង​ហើយ​ប្រាប់​គ្រប់​គ្នា​ថា ពួក​គេ​នឹង​អាច​រក​ឃើញ​ក្មេង​ក្នុង​ពេល​២​ថ្ងៃ​ទៀត​។ ដោយសារ​តែ​សង្ឃដីកា​មួយ​ម៉ាត់​នេះ​ហើយ ធ្វើ​ឲ្យ​ម្តាយ​ឪពុក​របស់​ក្មេង​ៗ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាន់តែ​មាន​កម្លាំងចិត្ត​។ រយៈពេល​២​ថ្ងៃ ក្រោយ​សង្ឃដីកា​របស់​ព្រះ​តេជគុណ ក្មេង​ៗ​ពិតជា​ត្រូវ​គេ​រក​ឃើញ​មែន​។ គ្រប់​គ្នា​មានការ​ជឿជាក់​លើ​ព្រះសង្ឃ​ភូមា​មួយ​អង្គ​នេះ​មែនទែន​។ នា​ពេល​នេះ ព្រះ​តេជគុណ​បាន​និមន្ត​មក​បន់ស្រន់​ដោះស្រាយ​តាម​ផ្លូវ​ងងឹត ដើម្បី​ឲ្យ​ក្មេង​ៗ និង​អ្នក​ជួយ​សង្គ្រោះ​អាច​ចេញ​មក​បាន​ដោយ​សុវត្ថិភាព​៕

អត្ថបទដែលជាប់ទាក់ទង