បច្ចុប្បន្នចំនួនអ្នករងគ្រោះដោយសារគ្រាប់មីននៅខេត្តព្រះវិហារ ថយចុះ

39

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេ ងគ្រី និង លោក ចន ណារិទ្ធ៖

មន្ត្រីស្រាវជ្រាវទិន្នន័យ ជនរងគ្រោះដោយសារគ្រាប់មីន នៅខេត្តព្រះវិហារ ឱ្យដឹងថា៖ចំនួនអ្នករងគ្រោះដោយសារគ្រាប់មីន ក្នុងរយៈពេល៩ខែឆ្នាំ២០១៨ គឺមានការថយចុះ បើប្រៀបធៀបទៅនិងឆ្នាំមុន។

លោក ធន់ សុធា មន្ត្រីស្រង់ទិន្នន័យជនរងគ្រោះដោយសារគ្រាប់មីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ប្រចាំខេត្តព្រះវិហារ ឱ្យដឹងថា៖ចាប់តាំងពីខែមករា រហូតមកដល់ខែកញ្ញាឆ្នាំ២០១៨នេះ អ្នករងគ្រោះដោយសារគ្រាប់មីនមានចំនួន៦នាក់។ តួលេខនេះ មានការថយចុះប្រមាណ១៤% បើប្រៀបធៀបទៅនឹងរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានចំនួនជនរងគ្រោះដោយសារគ្រាប់មីនដល់ទៅ៧នាក់។ ទោះជាយ៉ាងណាក៏ដោយគេដឹងថានៅខេត្តព្រះវិហារ ក្នុងចំណោមក្រុងនិងស្រុកចំនួន៧គឺស្រុកចំនួន៣ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ នៅមានសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅឡើយ។ កាលពីថ្ងៃទី២៦ខែកញ្ញា ពលរដ្ឋចំនួន៣នាក់នៅភូមិសែនតេជៈ ឃុំមក៌ត ស្រុកជាំក្សាន្ត បានរងរបួសធ្ងន់ធ្ងរ ដោយសារតែដើរជាន់គ្រាប់មីនតោន ប្រឆាំងរថក្រោះ ដែលសេសសល់ពីសម័យសង្គ្រាមនៅកប់ក្រោមដី។

លោក ធន់ សុធាបន្តយថា តំបន់ដែលនៅសេសសល់គ្រាប់ មីន នៅក្នុងខេត្តព្រះវិហារ ដូចជា៖ស្រុកជាំក្សាន្ត មានអត្រាអ្នករងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ បន្ទាប់មកគឺស្រុកគូលែន ស្រុករវៀង ដោយសារតែស្រុកទាំងបីនេះ គឺបានបញ្ចប់ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងរដ្ឋាភិបាលចុងក្រោយគេ នៅអំឡុងឆ្នាំ១៩៩៨។ ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៦០គ្រាប់ ចេញពីផ្ទៃដី ដែលជាអតីតតំបន់ប្រយុទ្ធរវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមខ្មែរក្រហម។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០១៨ នេះ អត្រាគ្រោះថ្នាក់មានចំនួន ៣២នាក់ គឺកើនទ្បើង ៣ភាគរយធៀបឆ្នាំ២០១៧ ដែលមានតែចំនួនប្រមាណ៩នាក់។ បើគិតពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ២០១៧ អ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួនជាង៦៤,៧២០នាក់។

អត្ថបទដែលជាប់ទាក់ទង