ក្រសួងទេសចរណ៍បើកពិព័ណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ឆ្នាំ២០១៨ជាផ្លូវការនៅកោះពេជ្រហើយឲ្យភ្ញៀវទេសចរចូលទស្សនាដោយសេរី

42

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត    

ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំពិព័ណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ដើម្បីទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិតាមរយៈការបង្ហាញពីសក្តានុពលទេសចរណ៍ទៅកាន់ទីផ្សារទេសចរអន្តរជាតិកាន់តែទូលំទូលាយ។ 

  ក្នុងពិធីសម្ពោធបើកជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ២០១៨នៅសាលពិព័រណ៍កោះពេជ្រថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ពិព័ណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២នេះរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជានៅពេលខាងមុខឲ្យកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងស្របពេលដែលកម្ពុជាមានសន្តិភាពពេញលេញផងដែរ។ កម្ពុជាបានប្តេជ្ញាបន្តអនុវត្តន៍វិធានការគន្លឹះសំខាន់ៗមួយចំនួនដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតសំខាន់ខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ ធានាឲ្យបាននូវទស្សនទាន«បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍និងវិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យា»

  ឯកឧត្តមថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨ នេះ ចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៨ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់មកពី ៨០ប្រទេស ក្នុងនោះមាន ស្ថាប័នទេសចរណ៍ជាតិ មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ  ទីភ្នាក់ងារទេសចរណ៍  ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល៣ ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់អ្នកទិញ និងអ្នកលក់ ក៏ដូចជាមានរៀចំជាកម្មវិធីសិក្ខាសាលានានាជាច្រើន ដោយមានការចូលរួមពីវាគ្មិនជំនាញទេសចរណ៍ល្បីៗមកពីក្នុងតំបន់ និងពិភពលោក ចូលរួមធ្វើបទបង្ហាញអំពីនិន្នាការនៃការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងបរិបទឌីជីថលូបនីយកម្ម ឲ្យទាន់សភាពការនៃ  បំលាស់ប្ដូរបច្ចេកវិទ្យារបស់ពិភពលោក។  ជាមួយគ្នានេះដែរ ក៏មានការរៀបចំកម្មវិធីទស្សនកិច្ចទៅកាន់តំបន់គោលដៅទាក់ទាញទេសចរណ៍នានាដូចជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ តំបន់ឆ្នេរ តំបន់អេកូ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីអោយភ្ញៀវអន្តរជាតិបានសិក្សាស្វែងយល់អំពីភាពជាក់ស្ដែងនៃការវិវឌ្ឍរីកចំរើននូវផលិតផល និងសេវាទេសចរណ៍ក្នុងតំបន់ទាំងនេះ។

  គួរបញ្ជាក់ថាពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ឆ្នាំ២០១៧ធ្វើឡើងនៅខេត្តសៀមរាប ជាមួយវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ មកពី៦០ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង