ភ្ញៀវទេសចរណ៏ទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមានការកើនឡើងជាង២០% ប៉ុន្តែតំបន់ឆ្នេរធ្លាក់ចុះដោយសារគ្រោះធម្មជាតិនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

26

វិទ្យុជាតិកម្ពុជា:​ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បានអះអាងថា ក្នុងរយៈពេល៣ថ្ងៃនៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា) អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស មានការកើនឡើងជាង២០% ប៉ុន្តែភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវរងការខូចខាតខ្លាំងដោយជំនន់ទឹកភ្លៀង និងមានភ្លៀងធ្លាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា)ភ្ញៀវទេសចរចំនួន១.២៦០.៦៩១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ១,២១៣,៦៨៧នាក់កើនឡើង២០.២៩% ភ្ញៀវអន្តរជាតិមានចំនួន៤៨,០០៤នាក់កើនឡើង២៣.៩៣% បានអញ្ជើញទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស ។

ក្នុងចំណោមតំបន់ទេសចរណ៏ទាំងនោះ មានតំបន់ទេសចរប្រាង្គប្រាសាទរបស់ខេត្ត សៀមរាប នៅតែទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ គឺទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥% ។ ក្នុងនោះភ្ញៀវជាតិមានចំនួន២៣០,០០០នាក់ កើនឡើង ៥៣.៣៣%, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨% ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា ចំណែកស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារ ជំនន់ទឹកភ្លៀង) និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ

របាយការណ៍ដដែរ បានបង្ហាញពីការកត់សម្គាល់ និងកោតសសើរ មន្ទីរទេសចរណ៍តាមបណ្តាខេត្តនីមួយៗក្នុងការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែល្អប្រសើរ ជាពិសេសទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទ តម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានចាត់តាំងជាក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម ។

របាយការណ៍ បានបញ្ជាក់ថា សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង