វិទ្យុមិត្តភាពកម្ពុជា-ចិនសម្រេចបង្កើតស្ថានីយ៍ផ្សាយបន្ត២ទៀត គឺនៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ

30

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេមហួត

ភ្នំពេញ៖កម្ពុជានិងចិនបានសម្រេចបង្កើតស្ថានីយផ្សាយបន្តវិទ្យុមិត្តភាពកម្ពុជា-ចិនចំនួន២ទៀត នៅខេត្តត្បួងឃ្មុំ និងនៅខេត្តព្រះសីហនុ ដើម្បីបង្កើនការផ្សព្វផ្សាយផ្លាស់ប្តូរព័ត៌មាននៃប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ។

ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍រវាង កម្ពុជា-ចិន នារសៀលថ្ងៃទី១៩ ខែតុលា ២០១៨ នៅភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្ដិការល្អ ស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយរវាងប្រទេសកម្ពុជា និងចិន លើវិស័យសារព័ត៌មានក៏ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ អាទិភាពដទៃទៀត ដែលជាវិស័យគន្លឹះជំរុញដល់ការអភិវឌ្ឍ និងភាពជោគជ័យ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នព័ត៌មាន និងសោតទស្សន៍នៃប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា ភាគីកម្ពុជា និងចិនបានចុះហត្ថលេខារួចហើយក្នុងការបង្កើតស្ថានីយ៍វិទ្យុFMនៅខេត្តត្បូងឃ្មុំ និងខេត្តព្រះស៊ីហនុដោយផ្សាយផ្ទាល់ពីវិទ្យុមិត្តភាពកម្ពុជាចិននៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នវិទ្យុមិត្តភាពកម្ពុជាចិនមានស្ថានីយ៍នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាមចំនួនពីរ។

ឯកឧត្តម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជាបានប្រាប់អ្នកសាព័ត៌មានបន្ថែមទៀតថា ការពង្រីកការផ្សាយវិទ្យុមិត្តភាពកម្ពុជានេះ គឺជាការបង្កើតស្ថានីយ៍ផ្សាយបន្តផ្ទាល់ពីភ្នំពេញ មិនមែនបង្កើតថ្មីទេ ហើយស្ថានីយ៍ផ្សាយបន្តផ្ទាល់ទាំងពីរខេត្តនេះ មានកម្លាំងផ្សាយ៥គីឡូវ៉ាត់។

ឯកឧត្តមបញ្ជាក់ថា វិទ្យុមិត្តភាពកម្ពុជាចិន ដែលដំណើរការ១០ឆ្នាំរួចមកហើយនោះ ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការដោយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងវិទ្យុជាតិកម្ពុជា បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យប្រជាជននៃប្រទេស យើងទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅដូចដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរកំពុងអនុវត្តន៍នាពេលបច្ចប្បន្ន និងទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង