ក្រសួងព័ត៌មានសហការជាមួយក្រសួងអប់រំបង្កើតកម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីពីទំនាក់ទំនងចំណងមិត្តភាពកម្ពុជា-ចិន

14

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក សុខរិន ៖​

ក្រសួងព័ត៌មានសហការជាមួយក្រសួងអប់រំបង្កើតកម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីពីទំនាក់ទំនងចំណងមិត្តភាពកម្ពុជា-ចិន ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទំាង២ ក្នុងរយៈពេល៦០ឆ្នាំមកនេះ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអៈអាងថា ការប្រកួតប្រជែងសមត្ថភាពចំណេះដឹងស្តីពីទំនាក់ទំនង កម្ពុជា-ចិននេះ គឺជាផ្នែកមួយជួយជំរុញឲ្យទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួតទ្វេរដង ខណៈដែលចំណងមិត្តភាពនេះបានជួយកម្ពុជាយ៉ាងច្រើនលើកិច្ចអភិវឌ្ឍន៍ជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្រោយបញ្ចប់កម្មវិធីបើកសម្ពោធកម្មវិធីឃ្វីសអបអរសាទរទិវាចំណងការទូត៦០ឆ្នាំកម្ពុជា-ចិន ឯឧ.ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអៈអាងថា ចិនគឺជាមិត្តមួយដ៏ល្អគោរពគោលជំហរអធិបតេយ្យភាពរបស់កម្ពុជា បន្ថែមពីនេះទៀតការរីកចំរើនមួយផ្នែកធំគឺជាចំណែកមួយរបស់រដ្ឋាភិបាលចិន ដូច្នេះ កម្ពុជារីករាយ និងមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មិត្ត។ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលក្រសួងព័ត៌មានសហការជាមួយក្រសួងអប់រំ យុវជននិងកីឡាបង្កើតកម្មវិធីសំនួរដេញប្រាជ្ញានេះឡើង ដើម្បីអោយសិស្សានុសិស្សកាន់តែទទួលបានចំណេះដឹងទូលំទូលាយស្តីពីទំនាក់ទំនងកម្ពុជា-ចិន ដែលកំពុងមានផ្លែផ្កាយ៉ាងល្អប្រសើរ។

លោកស្រីវ៉ូ ស៊ីវលី អគ្គនាយករងរដ្ឋបាលព័ត៌មានបោះពុម្ភផ្សាយវិទ្យុ ភាពយន្ត និងទូរទស្សន៍ខេត្តខ្វាងស៊ីបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា -ចិន មានកិច្ចខិតខំប្រឹងប្រែងរួមគ្នារក្សាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពទ្វេភាគី លើវិស័យសេដ្ឋកិច្ច សង្គម និងគ្រប់វិស័យប្រទេសទំាង២កាន់តែស៊ីជម្រៅ ហើយមានភាពរឹងមាំ។ លោកស្រីបានបញ្ជាក់ថា ការពង្រីកចំណេះដឹងដល់យុវជនស្តីពីទំនាក់ទំនងមិត្តភាពកម្ពុជា ចិន នឹងជួយពូនជ្រុំធ្វើអោយចំណងការទូតរវាងប្រទេសទំាង២លើគ្រប់វិស័យកាន់តែស៊ីជំរៅនិងរឹងមាំបន្ថែមទៀត។

យុវសិស្សដួង វីរៈវិទូ មកពីវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំបានអៈអាងពីការរៀបចំខ្លួនរួចជា ស្រេចក្នុងការចូលរួមប្រកួតប្រជែងចំណេះដឹងស្តីពីចំណងមិត្តភាពកម្ពុជា-ចិននេះ ។

កម្មវិធីប្រកួតប្រជែងចំណេះដឹងស្តីពីចំណងមិត្តភាពកម្ពុជា-ចិននេះ បានជ្រើសរើសយកវិទ្យាល័យចំនួន១០នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងមួយវិទ្យាល័យៗមានសិស្សានុសិស្សចំនួណ៤នាក់ដោយត្រូវប្រកួតចម្រុះគ្នាយកជ័យលាភីលេខ១។

សូមបញ្ជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយរហូតដល់ឆ្នាំ២០១៨នេះគឺមានរយៈពេល៦០ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង