ប្រជាពលរស់នៅក្នុងសហគមន៏វិមានទ្រង់ខណ្ឌសែនសុខជាង៨០០គ្រួសារ បានទទួល​ប័ណ្ណកម្មសិទ្ធិស្របច្បាប់

82

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ អ៊ួង​ វុធ​ និងលោក​ចន​ ណារិទ្ធ​៖

អភិបាលរាជធានីភ្នំពេញ បានផ្តល់ប័ណ្ណកម្មសិទ្ធិ អចលនៈទ្រព្យជូនប្រជាពលចំនួន៨៣៧គ្រួសារ រស់នៅសហគមន៏វិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បី ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការយកប័ណ្ណកម្មសិទ្ធិនេះ ទៅប្រើប្រាស់ តាមតម្រូវការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងពិធីចែកវិញ្ញាបនបត្រ័សំគាល់សិទ្ធិ អចលនវត្ថុជូនប្រជាពលរដ្ឋ នៅសហគមន៏វិមានទ្រង់ ស្ថិត ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ២២ តុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បន្ទាប់ពីមន្ត្រីជំនាញរៀបចំនិតិវិធី ដំណាក់កាលចុងក្រោយនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រពន្ធ័រួចរាល់មក នៅពេលនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាច់ជូនបងប្អូនតែម្តង។

ឯកឧត្តម អភិបាលបញ្ជាក់ថា ការផ្តល់ប័ណ្ណនេះ ជាយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ទទួលបាននូវប័ណ្ណកម្ម សិទ្ធិដីធ្លីស្របច្បាប់នេះ ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្ររបស់បងប្អូន ហើយប័ណ្ណមួយសន្លឹក ដែលរដ្ឋបាលរាជធានីប្រគល់ជូនបងប្អូននាពេលនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះឬក្បាលដីនីមួយៗរបស់បងប្អូន។ដូច្នេះ សូមបងប្អូនត្រូវថែរក្សាការពារ ឲ្យបានល្អ និងមានសុវត្ថិភាព។

ឯកឧត្តមអភិបាលបញ្ជាក់ថា កម្មវិធីចែកប័ណ្ឌសំគាល់សិទ្ជិកាន់កាប់អចលនៈទ្រព្យជូនប្រជាពលរដ្ឋរស់នៅសហគមន៏វិមានទ្រង់នាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ នៅសហគមន៏វិមានទ្រង់ ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ផ្ទះសំបែងរបស់បងប្អូន ប្រជាពលរដ្ឋ ដែលបងប្អូនអាចធ្វើប្រទានកម្មជូនកូនចៅតគ្នាបាន ដែលនេះ ជាការវិវត្តនីនៃការគ្រប់គ្រងរដ្ឋបាលរបស់ព្រះរាជាណាកច្រកម្ពុជាក្នុងការគ្រប់គ្រងដីធ្លី។

ឯកឧត្តម អភិបាលបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ វាបានផ្តល់នូវសារប្រយោជន៏ពីរយ៉ាងដល់រដ្ឋផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះ ប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញរបស់បងប្អូន ហើយវិញ្ញាបនបត្រ័សំគាល់អចលនៈវត្ថុនេះ វាជាភស្តុតាងមួយ បញ្ជាក់នូវការកាន់កាប់ដីធ្លីរបស់ខ្លួនយ៉ាងពិតប្រាកដ និងជៀសវាងការរំលោភបំពានលើដីធ្លីពីអ្នកដ៏ទៃ។ ពិសេសបណ្ណ័នេះ អាចផ្តល់លទ្ធភាពដល់បងប្អូន យកដាក់ធនាគារក្នុងការខ្ចីលុយ ប្រកបរបរអាជីវកម្មផ្សេងៗបាន។ ចំណែល រដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះ វាបានផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប កាត់បន្ថយនូវរាល់ទំនាស់ដីធ្លីផ្សេងៗបាន៕

អត្ថបទដែលជាប់ទាក់ទង